ក្រៅពីទទួលរងការរិះគន់យ៉ាងច្រើនពីមហាជននៅអារ៉ាប៊ីសាអ៊ូឌីតនោះ ខ្សែប្រយុទ្ធ Cristiano Ronaldo បានរងការស៊ើបអង្កេត និងត្រូវបានដាក់ទណ្ឌកម្មមិនឱ្យចូលរួមមួយប្រកួត បន្ទាប់ពីរូបគេបានបង្ហាញកាយវិការមិនសមរម្យមានភាពអាសអាភាសទៅកាន់អ្នកគាំទ្រក្រុមគូប្រជែង អំឡុងការប្រកួតលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League ។
កីឡាករព័រទុយហ្គាល់ រកបាន១គ្រាប់ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រ ខណៈក្រុម Al Nassr បានឈ្នះលើក្រុមម្ចាស់ផ្ទះ Al Shabab ៣-២ កាលពីចុងសប្តាហ៍មុន។
បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត Ronaldo បានបញ្ចេញកាយវិការមិនសមរម្យ លក្ខណៈអាសអាភាសទៅកាន់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ នៅពេលដែលហ្វូងអ្នកគាំទ្រនៅកីឡដ្ឋាន Al-Shabab Club បាននាំគ្នាស្រែកឈ្មោះខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ជាការឌឺដងទៅ Ronaldo វិញ។
កាយវិការមិនសមរម្យរបស់ Ronaldo មិនត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ទេ ប៉ុន្តែត្រូវបានថតដោយអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ ហើយវីដេអូនោះត្រូវបានចែករំលែកពាសពេញបណ្ដាញទំនាក់ទំនងសង្គម ហើយទាក់ទាញមតិរិះគន់យ៉ាងខ្លាំងទៅលើរូបគេ។
ឥឡូវនេះ មានការរាយការណ៍ថា សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត បានបើកការស៊ើបអង្កេតលើកាយវិការរបស់ Ronaldo ហើយក៏មានការទណ្ឌកម្មផងដែរ គឺការបញ្ឈរឈ្មោះរូបគេមិនឱ្យចូលរួម១ប្រកួតនៅក្របខណ្ឌ Saudi Pro League។ បន្ថែមពីនេះរូបគេ ក៏ត្រូវបានពិន័យជាទឹកប្រាក់ប្រមាណ 10,000 Riyals ឬ 2,666 ដុល្លារ ទៅកាន់សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត និងពិន័យទឹកប្រាក់ប្រមាណ 20,000 Riyals ទៅឱ្យក្រុម Al-Shabab សម្រាប់ទង្វើដែលគេបានធ្វើ។
សូមជម្រាបថា Cristiano Ronaldo បានមកចូលរួមជាមួយក្លិប Al-Nassr ដោយគ្មានតម្លៃខ្លួន នៅចុងឆ្នាំ ២០២២ ភ្លាមៗបន្ទាប់ពីចែកផ្លូវជាមួយក្លិប Manchester United។
Ronaldo បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងអ្នកស៊ុតបាល់បញ្ចូលទីលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត ដោយរកបាន ២២គ្រាប់ក្នុងការបង្ហាញខ្លួន ២០ប្រកួត នៅរដូវកាលនេះ ខណៈក្រុម Al-Nassr កំពុងឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងតារាង Saudi Pro League មាន៥២ពិន្ទុ តិចជាងក្រុមកំពូលតារាង Al-Hilal ចំនួន៧ពិន្ទុ៕