សារព័ត៌មាន Manchester Evening News បានរាយការណ៍ថា ក្លិប Manchester United កំពុងត្រៀមខ្លួនក្នុងការរុះរើក្រុមលក្ខណៈទ្រង់ទ្រាញធំ នៅទីផ្សាររដូវក្តៅខាងមុខនេះ ខណ: ម្ចាស់ភាគហ៊ុនថ្មី លោក Jim Ratcliffe បានចូលមកគ្រប់គ្រងក្លិបពេញលេញ។
លោក Ratcliffe ត្រូវបានគេដឹងថា នឹងមកគ្រប់គ្រងរាល់ប្រតិបត្តិការទាំងអស់នៅក្នុងក្រុម ដោយក្នុងនោះ លោកក៏កំពុងសម្លឹងរកមើលការផ្លាស់ប្តូរដ៏ធំគឺក្លិបបិសាចក្រហម អាចនឹងបញ្ចេញកីឡាកររបស់ខ្លួនដល់ទៅ ១០រូបឯណោះ នៅចុងបញ្ចប់រដូវកាលនេះ។
ជាការពិត ទាំង Raphael Varane, Anthony Martial និង Tom Heaton សុទ្ធតែត្រៀមចាកចេញនៅពេលកុងត្រារបស់ពួកគេត្រូវផុតកំណត់ក្នុងខែមិថុនាខាងមុខ ខណៈ Aaron Wan-Bissaka, Victor Lindelof និង Facundo Pellistri ក៏បានឈានដល់ ១២ខែចុងក្រោយនៃកិច្ចសន្យារៀងៗខ្លួនដែរ។
ដោយឡែក Mason Greenwood ក៏ត្រូវបានគេរំពឹងថាអាចនឹងចាកចេញផងដែរ ហើយរូបគេ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្លិបធំៗដូចជា Barcelona និង Atletico Madrid ខណ:បច្ចុប្បន្ន គេកំពុងលេងក្រោមលក្ខខណ្ឌខ្ចីជើងនៅក្លិប Getafe នៃក្របខណ្ឌ La Liga។
កីឡាករ ផ្សេងទៀតដែលអាចនឹងចាកចេញដែរនោះគឺ Marcus Rashford និង Antony នៅពេលដែលពួកគេសុទ្ធសឹងតែបានជួបប្រទះនឹងការលំបាករៀងៗខ្លួននៅក្នុងក្លិប ស្របពេល ខ្សែបម្រើ Casemiro ក៏អាចចាកចេញផងដែរ ដោយក្លិបនានាក្នុងប្រទេសអារ៉ាប៊ីសាអូឌីតសុទ្ធសឹងតែបានបង្ហាញចំណាប់អារម្មណ៍។
ទន្ទឹមនឹងនេះដែរទាំង Jadon Sancho, Donny van de Beek, Hannibal Mejbri និង Alvaro Fernandez ដែលបច្ចុប្បន្នកំពុងដាក់អោយក្លិបដទៃខ្ចីជើង ក៏ទំនងជាត្រូវដាក់លក់ នៅក្នុងទីផ្សារដោះដូរនាពេលខាងមុខនេះផងដែរ៕