×

គ្រូ Man UTD ទាមទារឱ្យ Fulham សូមទោស Bruno Fernandes ក្រោយបង្ហោះវីដេអូដៀមដាម

គ្រូបង្វឹក Manchester United លោក Erik ten Hag បានទាមទារឱ្យក្លិប Fulham ធ្វើការសូមទោស បន្ទាប់ពីពួកគេបានបង្ហោះវីដេអូដៀមដាម លេងសើចទៅលើ ខ្សែបម្រើ Bruno Fernandes ក្រោយ Fulham ទទួលបានជ័យជម្នះដោយលទ្ធផល ២-១ នៅកីឡដ្ឋាន Old Trafford កាលពីពេលកន្លងទៅ។

នៅក្នុងវីដេអូដែលបង្ហោះដោយ Fulham កីឡាករ Fernandes ហាក់មានអាការរបួសជើងនៅពេលស៊ុតបាល់នៅក្រៅប្រអប់ និងទំនងប៉ះទង្គិចជាមួយ Sasa Lukic ប៉ុន្ដែគេបានងើបឡើងដើរដោយគ្មានបញ្ហាអ្វីនោះទេ ហើយមានការសន្និដ្ឋានថា គេគ្រាន់តែធ្វើពុតជាឈឺប៉ុណ្ណោះ។

ក្លិបបិសាចក្រហម Man UTD បានចេញសេចក្ដីថ្លែងការណ៍មួយ សម្រាប់វីដេអូលេងសើចរបស់ Fulham ហើយលោក Ten Hag បានបង្ហាញអារម្មណ៍ខឹងសម្បារ ចំពោះសកម្មភាពរបស់ Fulham ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Ten Hag បាននិយាយថា៖ “ខ្ញុំមិនដឹងពីរឿងនេះទេ ប៉ុន្ដែប្រសិនបើពួកគេបានធ្វើ ខ្ញុំអាចនិយាយថា វាមិនត្រឹមត្រូវឡើយ។ វាពិតជាមិនត្រឹមត្រូវនោះទេ ដែលក្លិបមួយធ្វើរឿងបែបនេះ ព្រោះវាពិតជាលើស និងខុសឆ្គង ហើយពួកគេគួរតែសូមទោសសម្រាប់រឿងនេះ។”

សូមបញ្ជាក់ថា Man UTD បច្ចុប្បន្នកំពុងឈរលេខ៦ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League មាន ៤៤ពិន្ទុ ខណៈ Fulham ឈរលេខ១២ មាន៣២ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង