×

Cristiano Ronaldo បន្តឈរកំពូលតារាងមានអ្នកតាមដានលើ Instagram ច្រើនជាងគេ

ខ្សែប្រយុទ្ធ Cristiano Ronaldo បន្តនាំមុខដាច់ក្នុងនាមជាបុគ្គលដែលមានចំនួនអ្នកតាមដាន ច្រើនបំផុតនៅលើលោក ក្នុងបណ្តាញសង្គម Instagram ក្នុងចំនួន ៦៦២លាននាក់ ដោយនាំមុខគូប្រជែង Lionel Messi ដែលមានចំនួន ៥០០លាននាក់។

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ វ័យ ៣៩ឆ្នាំ បន្តរក្សាការនាំមុខដាច់ក្នុងនាមជាបុគ្គលដែលមានអ្នកចុចតាមដានច្រើនជាងគេបង្អស់នៅលើពិភពលោក សម្រាប់បណ្តាញសង្គម Instagram ។

Messi ប្រធានក្រុមអាហ្សង់ទីន ទើបកើនចំនួនចុចតាមដានដល់ ៥០០លាននាក់ ដើម្បីក្លាយជាបុគ្គល និងជាកីឡាករបាល់ទាត់ទីពីរ នៅលើពិភពលោក មានអ្នកតាមដានច្រើន។ កីឡាករវ័យ ៣៦ឆ្នាំ បានទាក់ទាញភ្នែកអ្នកគាំទ្រច្រើនលាននាក់អោយងាកមកចាប់អារម្មណ៍លើលីគ MLS ដោយរូបគេក៏មានវត្តមានលេងឱ្យ Inter Miami ជាមួយអតីតមិត្តរួមក្រុមកាលនៅ Barcelona រួមមាន Sergio Busquets, Luis Suarez និង Jordi Alba ជាដើម។ ការផ្លាស់ប្តូរមកកាន់អាមេរិកនេះហើយ ដែលជួយរុញច្រានរូបគេឱ្យមានកំណើនអ្នកតាមដានឡើងដល់ ៥០០លានកាក់ លើបណ្តាញសង្គម Instagram។

ក្រៅពីតារាបាល់ទាត់លំដាប់កំពូលពិភពលោកទាំងពីរ ឈរកំពូលតារាងមានចំនួនអ្នកតាមដានច្រើន តារាចម្រៀងស្រី Selena Gomez ឈរនៅលំដាប់ទី៣ ចំនួន ៤២៩លាននាក់, លេខ៤ តារាបង្ហាញម៉ូត Kylie Jenner ៤០០លាននាក់, តារាសម្តែង Dwayne Johnson មាន៣៩៦លាននាក់ ឈរលំដាប់ទី៥, តារាចម្រៀងស្រី Ariana Grande លេខ ៦ ចំនួន ៣៨០លាននាក់, តារាបណ្តាញសង្គមអាមេរិក Kim Kardashian ៣៦៤លាននាក់ នៅលេខ៧, លេខ ៨ បានលើតារាចម្រៀងស្រី Beyonce ចំនួន ៣១៩លាននាក់, លេខ ៩ តារាបណ្តាញសង្គម Khloe Kardashian ចំនួន ៣១១លាននាក់ និងតារាបង្ហាញម៉ូត Kendal Jenner នៅលេខ ១០ ចំនួន ២៩៤លាននាក់។

សម្រាប់តែក្នុងវិស័យកីឡាបាល់ទាត់វិញ កីឡាករប្រេស៊ីល Neymar នៅចំណាត់ថ្នាក់ទី៣ មានចំនួនតាមដាន ២១៩លាននាក់ អតីតមិត្តរួមក្រុមនៅ Paris Saint Germain កីឡាករ Kylian Mbappe មានចំនួន ១១២លាននាក់ និងអតីតខ្សែបម្រើ លោក David Beckham ម្ចាស់ក្លិប Inter Miami មានចំនួនអ្នកចុចតាមដាន ៨៧លាននាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង