លោក Pep Guardiola បាននិយាយថា ខ្សែបម្រើ Phil Foden គឺជាកីឡាករល្អបំផុតនៅ ក្របខណ្ឌ Premier League នាពេលបច្ចុប្បន្ន ខណៈការលើកសរសើរនេះ បានកើតឡើងបន្ទាប់ពីរូបគេ បានស៊ុតបញ្ចូលទី ២គ្រាប់ក្នុងចំណោម ជ័យជម្នះ ៣-១ របស់ Man City វាយបកឈ្នះទៅលើ Man UTD កាលពីយប់មិញ។
ជាការពិត ការប្រកួត ដែលធ្វើឡើងនាកីឡដ្ឋាន Etihad ក្រុមម្ចាស់ផ្ទះ Man City បានដាក់ការគាបសង្កត់ទៅ គូប្រជែងតាមរយៈស្ថិតិ ដែលពួកគេអាចគ្រប់គ្រងគ្រាប់បាល់ដល់ទៅ ៧៣ ភាគរយឯណោះ និងមានឱកាសស៊ុតបាល់ដល់ទៅ ២៧ដង ខណៈក្រុមភ្ញៀវ Man UTD មានឱកាសស៊ុតតែ ៣ដង។
យ៉ាងណាក៏ដោយ ដំណើរការបាន៨នាទី Marcus Rashford បានរកគ្រាប់បាល់បើកឆាក ឱ្យក្រុមបិសាចក្រហម ដោយការស៊ុតពីចម្ងាយយ៉ាងស្អាត ដែលធ្វើឱ្យពួកគេនាំមុខមុន ១-០ ក្នុងវគ្គទី១។
ផ្ទុយមកវិញ សម្រាប់ក្រុមមេឃខៀវ បើទោះជាត្រូវនាំមុខមុនមែន ប៉ុន្តែនៅក្នុងវគ្គទី២ពួកគេបាន បង្ហាញទម្រង់លេងល្អប្រសើរ ហើយនៅក្នុងនាទី៥៦ Phil Foden បានរកគ្រាប់បាល់តាមស្មើឱ្យ Man City បានសម្រេច។ បន្ទាប់ពីនោះភាពស្ងប់ស្ងាត់ បានបន្តរហូតដល់នាទី ៨០ ទើប Phil Foden ដដែល បានរកគ្រាប់បាល់គ្រាប់ទី២ ផ្តល់ការនាំមុខឱ្យ Man City វិញ មុនពេល Erling Haaland បន្ថែមគ្រាប់ទី៣ នៅនាទី ៩០+១ ផ្តល់ជ័យជម្នះដល់ Man City តែម្តង។
ជាមួយនឹងការធ្វើបានល្អរបស់ Foden បានធើ្វឱ្យ លោក Pep Guardiola មានការពេញចិត្តមែនទែន ដោយថា គេជាកីឡាករល្អបំផុតនៅ Premier League នាពេលបច្ចុប្បន្ន ហើយលោកថែមទាំងអះអាងទៀតថា រូបគេនឹងក្លាយជាវីរបុរសរបស់ Man City នាពេលអនាគតផងដែរ។
គ្រូបង្វឹកជនជាតិអេស្ប៉ាញ បានឱ្យដឹងក្រោយចប់ការប្រកួតដូច្នេះថា៖ “ អ្នកគ្រប់គ្នាបានមើលឃើញពីការលេងរបស់ Phil Foden នាពេលនេះ ទាំងការស៊ុត និង ការបញ្ចូនបាល់។ គេបានធ្វើវាយ៉ាងល្អ និង មានប្រសិទ្ធភាព។ ហើយវាមិនមានចម្ងល់ទេ ថា រូបគេព្យាយាមរកគ្រាប់បាល់ ហើយចំណុចនេះ បានធ្វើឱ្យរូបគេកា្លយជាកីឡាករសំខាន់បំផុតរបស់យើង និងជាកីឡាករល្អបំផុតសម្រាប់ Man City និង ក្រុមជម្រើសជាតិអង់គ្លេស។”
សម្រាប់ជ័យជម្នះនេះ Man City បន្តប្រដេញពិន្ទុនៅចំណាត់ថ្នាក់កំពូលតារាង Premier League ដោយឈរលេខ២ មាន ៦២ពិន្ទុ តិចជាងក្រុម Liverpool ១ពិន្ទុ ក្រោយឆ្លងកាត់២៧ប្រកួតដូចគ្នា។ រីឯ Man UTD នៅឈរលេខ៦ មាន៤៤ពិន្ទុ៕