×

ប្រធាន FIFA ថា នឹងប្រឆាំងដាច់ខាតគម្រោងចង់បង្កើតកាតខៀវក្នុងការប្រកួតបាល់ទាត់

ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino បាននិយាយថា លោកមិនដឹងមុន ពីគំនិតក្នុងការបង្កើតកាតខៀវនោះឡើយ ហើយលោកនឹងប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់កាតខៀវ នៅក្នុងវិស័យបាល់ទាត់។ ការប្រកាសដាក់សាកល្បងកាតខៀវក្នុងវិស័យបាល់ទាត់ មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់សាធារណជន។

កន្លងទៅមានសំណើឱ្យបង្កើតច្បាប់បាល់ទាត់ថ្មី ដើម្បីប្រើប្រាស់កាតខៀវ ដែលផ្តល់សិទ្ធិអំណាចដល់អាជ្ញាកណ្តាល ក្នុងការបណ្តេញកីឡាករចេញពីការប្រកួតត្រឹម ១០នាទី នៅពេលកីឡាករទាំងនោះប្រើពាក្យសម្តី ឬកាយវិការមិនសមរម្យ ទៅលើអាជ្ញាកណ្តាលក្នុងការប្រកួត។ សំណើនេះ ត្រូវបានដាក់ពិភាក្សា ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាភិបាល សមាគមបាល់ទាត់អន្តរជាតិ IFAB ជាមួយស្ថាប័ន FIFA ដែលធ្វើឡើងនាទីក្រុង Loch Lomond ប្រទេសស្តុកឡែន។

យ៉ាងណាក៏ដោយ លោក Infantino បានបដិសេធទាំងស្រុង និងមិនគាំទ្រច្បាប់ថ្មី នៃការបង្កើតកាតខៀវនោះឡើយ ព្រោះវានឹងធ្វើឱ្យបាត់បង់លក្ខណៈពិសេសនៃបាល់ទាត់។

ទាក់ទិននឹងរឿងនេះ ប្រមុខស្ថាប័ន FIFA បាននិយាយប្រាប់ថា៖ “វានឹងមិនកាតខៀវណាមួយឡើយដែលត្រូវបានប្រើនៅកម្រិតខ្ពស់។ នេះគឺជាប្រធានបទដែលមិនមានសម្រាប់ យើង។ FIFA ប្រឆាំងទាំងស្រុងចំពោះកាតខៀវ។ ខ្ញុំមិនដែលដឹងពីប្រធានបទនេះទេ ហើយក្នុងនាមជាប្រធាន ខ្ញុំគិតថា FIFA មានពាក្យមួយជូនទៅវិញក្នុង IFAB ប្រសិនបើអ្នកចង់បានចំណងជើង វាជាកាតក្រហមដល់កាតខៀវ។”

លោក Infantino បានអះអាងបន្ថែមទៀតថា ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកតែងទទួលនូវគំនិត ឬសំណើថ្មី ប៉ុន្តែខ្លឹមសារនៃការស្នើសុំនោះ មិនសមហេតុផល ឬខុសពីអ្វីដែលទម្លាប់នៃការប្រកួតបាល់ទាត់នាពេលកន្លងមក នោះស្ថាប័ន FIFA នឹងមិនទទួលយកដាច់ខាត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង