×

ខ្សែបម្រើ Casemiro ស្នើម្ចាស់គ្រប់គ្រងក្លិបថ្មីប្រើប្រាស់ផែនការក្រុម Man City បានធ្វើដើម្បីកសាង Man UTD ឡើងវិញ

ខ្សែបម្រើ Casemiro បានស្នើម្ចាស់គ្រប់គ្រងក្លិបថ្មីគួរតែប្រើប្រាស់ផែនការដែលក្រុម Manchester City បានប្រើក្នុងការអភិវឌ្ឍក្រុម ដើម្បីកសាងក្រុម Manchester United ឱ្យខ្លាំងដូចពីមុនឡើងវិញ។

ក្រុម Man UTD បានរងបរាជ័យ លទ្ធផល ៣-១ នាកីឡដ្ឋាន Etihad ក្រោមថ្វីជើងក្រុមការពារជើងឯក Man City នៅក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅ។

ក្រុមរហស្សនាមបិសាចក្រហម បានចាញ់ការប្រកួត Manchester Derby លើកដំបូងចាប់តាំងពីលោក Jim Ratcliffe បានទិញភាគហ៊ុនក្លិប ២៧,៧ភាគរយ និងជាការបញ្ជាក់ពីកម្រិតសមត្ថភាពរវាងក្រុមទាំងពីរថែមទៀត។

ទោះបីជាក្រុមកំពុងត្រូវបានគេមើលឃើញថា នឹងមានភាពវិជ្ជមានខ្លាំងចំពោះការចុះកិច្ចសន្យានាំយកកីឡាករមកពង្រឹងក្រុមសម្រាប់រដូវកាលក្រោយ ប៉ុន្តែខ្សែបម្រើ Casemiro បាននិយាយថា Man UTD ត្រូវការពេលវែងឆ្ងាយថែមទៀតដើម្បីធ្វើឱ្យបានកម្រិត Man City ហើយក្រុមគួរយកគំរូពី Man City ចំពោះការងាររបស់ពួកគេ។

កីឡាករសញ្ជាតិប្រេស៊ីលបាននិយាយប្រាប់ដូច្នេះថា៖ “នេះជាបំណងដ៏ធំ យើងត្រូវតែបន្ទាបខ្លួនដើម្បីទទួលយកថាពួកគេនៅពេលនេះ មិនមែននៅក្នុងប្រវត្តិសាស្ត្ររបស់ Man UTD ដូចមុននោះទេ ប៉ុន្តែពួកគេគឺជាក្រុមដែលត្រូវយកឈ្នះ។ គ្រប់គ្នាចង់យកឈ្នះ Man City។ យើងមានគំរូរួចជាស្រេច ហើយអ្វីដែល Man City បានធ្វើពួកគេពិតជាកំពុងធ្វើការងារបានយ៉ាងល្អ។”

Casemiro បានបន្ថែមថា៖ “ពិតណាស់ នៅពេលមានអ្នកចង់អភិវឌ្ឍកម្រិតក្លិប វាតែងតែមានសារសំខាន់។ ច្បាស់ណាស់ថាក្រុមហ៊ុន និងម្ចាស់ថ្មីចង់ធ្វើរឿងនេះ ខ្ញុំគិតថាពួកគេមកដល់ នឹងធ្វើឱ្យមានភាពរីកចម្រើន។”

ដោយឡែក មហាសេដ្ឋីអង់គ្លេស លោក Ratcliffe ក៏ធ្លាប់បានប្តេជ្ញាចិត្តថានឹងបំបាក់ភាពខ្លាំងរបស់ក្រុម Man City ដែលមានក្នុងរយៈពេលជាង ៣រដូវកាលចុងក្រោយមកនេះ។ ប៉ុន្តែ បច្ចុប្បន្នបំណងនេះ មិនទាន់អាចទៅរួចឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង