គ្រូបង្វឹក លោក Mikel Arteta បាននិយាយថា រូបលោកកំពុងស្រឡាញ់ពេញចិត្ត Arsenal នៅពេលនេះបំផុតក្រោយឈ្នះ Sheffield United កាលពីយប់មិញរួចមក។
ជាការពិត Arsenal បានយកឈ្នះ Sheffield United ដោយលទ្ធផល ៦-០ ក្នុងការប្រកួត Premier League ដើម្បីប្រជែងពិន្ទុក្រុមកំពូលតារាង Liverpool និងម្ចាស់ការពារជើងឯក Man City ។
ជ័យជម្នះជាលើកទី៧ជាប់គ្នានេះ ក្រុមកាំភ្លើងធំមានគ្រាប់ស៊ុតបញ្ចូលទីរហូតដល់ទៅ៣១គ្រាប់។
៦គ្រាប់របស់ Arsenal នៅជំនួបលីគសប្តាហ៍ទី២៧ សម្រេចបានដោយកីឡាករ៦រូបផ្សេងគ្នា ក្នុងនោះ៥គ្រាប់ធ្វើបានដោយ Martin Ødegaard, Gabriel Martinelli, Kai Havertz, Declan Rice និង Ben White និង១គ្រាប់ជាការធ្វើឱ្យចូលទីខ្លួនឯងរបស់ខ្សែការពារ Jayden Bogle ។
នេះជាជ័យជម្នះទី៧ជាប់ៗគ្នារបស់ក្រុមដែលដឹកនាំដោយ លោក Mikel Arteta ដោយសរុបគ្រាប់បាល់ Arsenal មានគ្រាប់ស៊ុតបញ្ចូលទីដល់ទៅ៣១គ្រាប់។ ជាមួយទម្រង់ប្រកួតដ៏ល្អនៅរដូវកាលនេះ កាំភ្លើងធំតែងសម្រេចគ្រាប់បាល់បានច្រើនលើគូប្រជែង ដោយគិតជាមធ្យមរកបាន៤គ្រាប់ក្នុងមួយប្រកួត ក្នុងចំណោម៧ប្រកួតចុងក្រោយ។
ជាមួយនឹងលទ្ធផលដ៏ល្អប្រសើរ បានធ្វើឱ្យគ្រូបង្វឹក លោក Mikel Arteta បានបង្ហាញពីភាពរីករាយ និងអះអាងថា រូបលោកកំពុងស្រឡាញ់ពេញចិត្តក្រុម Arsenal បំផុតនៅពេលនេះ។
បុរសជនជាតិអេស្ប៉ាញ បាននិយាយក្រោយចប់ការប្រកួតថា៖ “វាជាការប្រកួតដ៏អស្ចារ្យ។ ចាប់តាំងពីចាប់ផ្តើមភ្លាម កីឡាកររបស់ខ្ញុំបានបង្ហាញគុណផលយ៉ាងពិសេស ហើយពួកគេមានភាពវិជ្ជមាន លេងជាចង្វាក់ជាមួយគ្នាយ៉ាងល្អ។ ភាពល្អប្រសើរនេះធ្វើឱ្យខ្ញុំពិតជាសប្បាយរីករាយ និងពេញចិត្តចំពោះក្រុមនៅពេលនេះខ្លាំងណាស់។”
សម្រាប់ការឈ្នះនេះក៏បានជួយកាំភ្លើងធំ តាមពីក្រោយប្រកៀកក្រុមកំពូលតារាង Liverpool និងក្រុមលេខ២ Man City ក្នុងការប្រជែងពានលីគកំពូលអង់គ្លេសរដូវកាល ២០២៣-២៤នេះ។ ឆ្លងកាត់ការប្រកួត២៧លើកដូចគ្នា Arsenal រកបាន៦១ពិន្ទុ តាមពីក្រោយក្រុមការពារតំណែងជើងឯក Man City ១ពិន្ទុ និង Liverpool ចំនួន២ពិន្ទុ។
សម្រាប់ Sheffield United តាមរយៈបរាជ័យនេះ បានធ្វើឱ្យពួកគេពិបាកក្នុងការប្រជែងពិន្ទុ ដើម្បីបន្តនៅក្របខណ្ឌកំពូលរដូវកាលក្រោយ។ ក្រុមលោក Chris Wilder រកបានតែ១៣ពិន្ទុប៉ុណ្ណោះ និងស្ថិតនៅបាតតារាង ឃ្លាតពីតំបន់សុវត្ថិភាព១១ពិន្ទុ៕