×

លោក Pep Guardiola ថា Man City ជាក្រុមល្អបំផុតនៅអឺរ៉ុបពេលបច្ចុប្បន្នក្រោយឈ្នះ Copenhagen បន្តឡើងវគ្គ៨ក្រុមចុងក្រោយ UEFA Champions League

លោក Pep Guardiola បាននិយាយថា ក្រុម Manchester City របស់លោក ជាក្រុមល្អបំផុតនៅអឺរ៉ុបពេលបច្ចុប្បន្ន ក្រោយពីពួកគេបានយកឈ្នះ Copenhagen ដោយលទ្ធផល ៣-១ ក្នុងការប្រកួតជើងទី២ វគ្គ១៦ក្រុម ចុងក្រោយពានរង្វាន់ UEFA Champions League។

ជំនួបដែលធ្វើឡើងនាកីឡដ្ឋាន Etihad កាលពីយប់មិញ ខ្សែការពារ Manuel Akanji ជាអ្នករកគ្រាប់បើកឆាកនៅនាទី៥ មុនពេល ខ្សែប្រយុទ្ធ Julián Álvarez បន្ថែមគ្រាប់នាំមុខគ្រាប់ទី២ នៅនាទី៩។ យ៉ាងណា នៅនាទី២៩ ខ្សែប្រយុទ្ធ Mohamed Elyounoussi បានតាម១គ្រាប់ឱ្យក្រុមភ្ញៀវ Copenhagen ប៉ុន្តែ នៅចុងវគ្គទី១ Erling Haaland បានបន្ថែម១គ្រាប់ទៀតបង្កើនការនាំមុខអោយក្រុមម្ចាស់ផ្ទះ។

នៅក្នុងវគ្គទី២វិញមិនមានការស៊ុតបញ្ចូលទីនោះទេ ដោយលទ្ធផល ៣-១ តាំងពីវគ្គទី១ មកនោះ បានរក្សាដល់ចប់ការប្រកួត។

កាលពីការប្រកួតជើងទី១នៅទឹកដីដាណឺម៉ាក Man City បានឈ្នះ Copenhagen ដោយលទ្ធផល ៣-១ បូករួមលទ្ធផលជើងទី២នេះទៀត Man City ឈ្នះ Copenhagen លទ្ធផលសរុបទាំង២ជើង ៦-២ និងក្រសោបបានឱកាសឡើងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League បានសម្រេច។

ភាពល្អប្រសើរនេះ បានធ្វើឱ្យគ្រូបង្វឹកលោក Pep Guardiola បានបង្ហាញពីភាពរីករាយ នឹងអះអាងថាក្រុមមេឃខៀវរបស់លោកនៅពេលនេះគឺជាក្រុមល្អបំផុតនៅអឺរ៉ុបពេលបច្ចុប្បន្ន។

គ្រូបង្វឹកជនជាតិអេស្ប៉ាញបានឱ្យដឹងដូច្នេះថា៖ “យើងលេងបានយ៉ាង២រដូវកាលមកហើយ ក្នុងពានរង្វាន់កំពូលទ្វីបអឺរ៉ុប ហើយពួកយើងមានលទ្ធផលកាន់តែល្អឡើង។ កីឡាកររបស់យើងបានបញ្ចេញគុណផលពិសេសរៀងខ្លួន នៅលើទីលាន ហើយពួកគេផ្លាស់ប្តូរចង្វាក់នៃការលេងបានល្អណាស់។ វាជារឿងភ្ញាក់ផ្អើល និងភាពសប្បាយរីករាយសម្រាប់ខ្ញុំ ដែលកីឡាករទាំងអស់របសខ្ញុំខំប្រឹងអស់ពីសមត្ថភាព រហូតទទួលបានជោគជ័យ។”

ដោយឡែក សម្រាប់ការផ្គូផ្គង វគ្គ៨ក្រុមចុងក្រោយនៃ ពានរង្វាន់ UEFA Champions League នឹងធ្វើឡើងនាថ្ងៃទី១៥ ខែមីនា ខាងមុខ ខណៈកាលបរិច្ឆេទនៃការប្រកួតជើងទី១ ធ្វើឡើងពីថ្ងៃទី ៩-១០ ខែមេសា និង ជើងទី២ លេងចាប់ពីថ្ងទី ១៦-១៧ ខែមេសា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង