×

ខ្សែបម្រើ Jude Bellingham ថា ការដាក់បម្រាម២ប្រកួតរបស់គេគឺដើម្បីគម្រាមកីឡាករដទៃ

ខ្សែបម្រើ Jude Bellingham របស់ Real Madrid បានប្រត្តិកម្មចំពោះការដាក់ពិន័យ ២ប្រកួតរបស់ខ្លួននាក្របខណ្ឌ La Liga ដោយអះអាងថាព្រោះតែគេជាកីឡាករចំណូលថ្មីនៅលីគអេស្ប៉ាញ ទើបក្រុមអាជ្ញាកណ្តាល យកធ្វើជាឧទាហរណ៍ដើម្បីគម្រាមកីឡាករដទៃទៀត។

កីឡាករអង់គ្លេស វ័យ ២០ឆ្នាំ បានរងបម្រាម ២ប្រកួត ពីគណៈកម្មាធិការវិន័យក្របខណ្ឌ La Liga បន្ទាប់គេទទួលបានកាត់ក្រហមនៅក្នុងការប្រកួតស្មើ ២-២ ទល់នឹងក្រុម Valencia កាលពីសប្តាហ៍មុន ចំពោះការតវ៉ាទាមទារគ្រាប់បាល់បញ្ចូលទីក្រោយពេលអាជ្ញាកណ្តាលការប្រកួតបានផ្លុំបញ្ចែបញ្ចប់ការប្រកួតជាមុន។

Bellingham បានប្រើអាកប្បកិរិយាមិនសមរម្យលើអាជ្ញាកណ្តាល និងនិយាយដោយប្រើពាក្យមិនល្អ ដដែលៗសំដៅទាមទារគ្រាប់បាល់ជ័យជំនះពីអាជ្ញាកណ្តាល។

ទាក់ទិននឹងរឿងនេះ Bellingham បាននិយាយប្រាប់ថា៖ “វាពិតជាពិបាកក្នុងការនិយាយ ព្រោះថាពាក្យបណ្តឹងឧទ្ធរណ៍កំពុងតែដំណើរការ។ អ្វីដែលខ្ញុំអាចនិយាយបានគឺរឿងដែលកើតឡើងជាមួយនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាលដែលផ្លុំកញ្ចែបញ្ចប់ការប្រកួត។ ខ្ញុំមិនបាននិយាយប្រមាថទេ។ ពេលខ្លះខ្ញុំអារម្មណ៍ដូចជាអ្នកចំណូលថ្មី សម្រាប់ពួកគេយកធ្វើជាគំរូ ហើយ ខ្ញុំត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្ញុំ។”

ចំពោះបម្រាម ២ប្រកួត មានន័យថា Jude Bellingham ត្រូវខកខានការប្រកួតដែល Real Madrid ឈ្នះ Celta Vigo ៤-០ កាលពីយប់មិញ និង ការប្រកួតទល់នឹងក្រុម Osasuna នៅថ្ងៃទី១៦ ខែមីនា ខាងមុខ។

កាលពីថ្ងៃទី៦ ខែមីនា Jude Bellingham បានចូលលេងក្នុងជំនួប Real Madrid ស្មើដោយលទ្ធផល ១-១ ទល់នឹងក្រុម RB Leipzig ហើយរូបគេបានបញ្ជូនបាល់យ៉ាងល្អទៅកាន់មិត្តរួមក្រុម Vinicius Junior ដើម្បីស៊ុតបញ្ចូលទី និងរក្សាបានកៅអីទៅវគ្គ ៨ក្រុម ចុងក្រោយ នៃពានរង្វាន់ UEFA Champions League៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង