×

ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី បង្ហាញឈុតឯកសណ្ឋានថ្មី ទោះត្រូវបានហាមឃាត់ពីការប្រកួតអន្តរជាតិផ្លូវការ

សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ីបានបង្ហាញឈុតឯកសណ្ឋានថ្មីសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន មុនការប្រកួតមិត្តភាព ជាមួយស៊ែប និងប៉ារ៉ាហ្គាយ ចូលមកដល់។

ជាការពិត កន្លងមក ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ីបានទទួលការផលិតឈុតឯកសណ្ឋាន របស់កីឡាករ ចេញពីក្រុមហ៊ុនផលិតសម្ភារកីឡាដ៏ល្បីរបស់អាល្លឺម៉ង់ Adidas ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតសម្ភារកីឡាដ៏ល្បីលើពិភពលោកមួយនេះ បានផ្អាកកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី ដែលជាការឆ្លើយតបដោយផ្ទាល់ចំពោះប្រទេសរុស្ស៊ី ក្នុងការធ្វើប្រតិបត្តិការយោធា លុកលុយឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក។

ក្រុមហ៊ុន Adidas បានកាត់ផ្តាច់ទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធរបស់រុស្ស៊ី និងបិទហាងដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ីផងដែរ។

ដូច្នេះហើយក្រោយការផ្តាច់ទំនាក់ទំនងនេះ សហព័ន្ធបាល់ទាត់រុស្ស៊ី បានសម្រេចចិត្ត ស្វែងរកអ្នកផលិតឈុតឯកសណ្ឋានថ្មីសម្រាប់កីឡាករ កីឡាការិនី របស់ខ្លួន និងបានជ្រើសរើសយកក្រុមហ៊ុនផលិតសម្ភារកីឡាករក្នុងស្រុកមួយមានឈ្មោះថា Jogel ដោយក្រុមហ៊ុននេះ នឹងធ្វើការផ្គត់ផ្គង់ឈុតឯកសណ្ឋាន ក៏ដូចជាសម្ភារកីឡាដទៃទៀតសម្រាប់ក្រុមកីឡាករ កីឡាការិនី បាល់ទាត់ជម្រើសជាតិរុស្ស៊ី។

សូមបញ្ជាក់ថា ចាប់តាំងពីការលុកលុយឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនមក ស្ថាប័នកីឡាធំៗជាច្រើន ដែលរួមមានស្ថាប័នបាល់ទាត់អឺរ៉ុប UEFA និង ស្ថាប័នបាល់ទាត់ពិភពលោក FIFA បានដាក់បម្រាម ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ីពីការប្រកួតផ្លូវការរបស់ខ្លួន។ ជាក់ស្តែង រុស្ស៊ី ត្រូវបានហាមឃាត់ពីការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២២ នាប្រទេសកាតា ដែលជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅលើពិភពលោក។

ទោះត្រូវបានហាមឃាត់ពីការប្រកួតអន្តរជាតិផ្លូវការក៏ពិតមែន ប៉ុន្តែក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី នៅតែអាចធ្វើការប្រកួតមិត្តភាពអន្តរជាតិរបស់ខ្លួនបាន ដោយដើមឆ្នាំ២០២៤នេះ ពួកគេនឹងត្រូវស្វាគមន៍ក្រុមស៊ែប នៅថ្ងៃទី ២១ ខែមីនា មុនបន្តជួបក្រុមប៉ារ៉ាហ្គាយ នៅ៤ថ្ងៃបន្ទាប់ពីនោះ ដែលការប្រកួតទាំង២លើកនេះធ្វើឡើងនាកីឡដ្ឋាន VTB Arena ស្ថិតនាទីក្រុងម៉ូស្គូទាំងអស់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង