×

គ្រូ Liverpool បង្ហាញភាពមិនអស់ចិត្ត ក្រោយទទួលលទ្ធផលស្មើគ្នាទល់នឹង Man City

លោក Jurgen Klopp បានបង្ហាញភាពមិនអស់ចិត្ត និងថា ក្រុមលោកត្រូវបានគេលួចជ័យជម្នះ ក្រោយការសម្រេចមិនផ្តល់បាល់ពិន័យ១១ម៉ែត្រ ដែលធ្វើឱ្យក្រុម Liverpool របស់លោក បញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ទល់នឹងក្រុម Man City ក្នុងជំនួបក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅ។

ជាការពិត ការប្រកួតនាទីលាន Anfield នោះ វគ្គទី១ Man City បង្ហាញទម្រង់លេងល្អជាងក្រុមម្ចាស់ផ្ទះ Liverpool នឹងអាចរកគ្រាប់បាល់នាំមុខ១គ្រាប់មុន ដោយ John Stones។ យ៉ាងណា នៅវគ្គទី២ Alexis Mac Allister បានស៊ុតបាល់ពិន័យ ១១ម៉ែត្រ ជួយ Liverpool តាមស្មើលទ្ធផល ១-១ មកវិញ។ អំឡុងការប្រកួតក្នុងនាទីបន្ថែម ៩០បូក Liverpool បានវាយសម្រុកខ្លាំង នៅក្នុងប្រអប់ទីរបស់ក្រុមភ្ញៀវ Man City ពេលនោះ Jeremy Doku បានប្រជែងបាល់ប៉ះទង្គិចជាមួយនឹង Mac Allister ។

ពេលនោះ Doku លើកជើងព្យាយាមបម្រុងទាត់បាល់ចេញពីគ្រោះថ្នាក់ តែបែរជាត្រូវចំដើមទ្រូងរបស់កីឡាករសញ្ជាតិអាហ្សង់ទីន របស់ក្រុម Liverpool ។ ការប៉ះទង្គិចក្នុងប្រអប់ទីនោះ អាជ្ញាកណ្ដាល មិនបានផ្ដល់បាល់ពិន័យ១១ម៉ែត្រឱ្យក្រុម Liverpool ឡើយ។

លោក Jurgen Klopp បានចោទថា ក្រុម Liverpool ត្រូវបានលួចគេជ័យជម្នះ ចំពោះការប៉ះទង្គិចក្នុងតំបន់គ្រោះថ្នាក់ ហើយមិនទទួលបានបាល់ពិន័យនេះ។

គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ បានឱ្យដឹងដូច្នេះថា៖ “ការប៉ះទង្គិចត្រូវចំដើមទ្រូងរបស់គេ។ តើរូបគេបានប៉ះបាល់ពីមុនមកឬទេ? ពិតណាស់ ថាតើវានឹងមានភាពខុសប្លែកគ្នានៅលើទីលាន នៅទីតាំងណាមួយ ប្រសិនបើជើងរបស់អ្នកស្ថិតក្នុងកម្ពស់ខ្ពស់បែបនោះ? អ្នកអាចនឹងទាត់បាល់មុន ហើយបន្ទាប់មក ជើងគឺនៅលើដើមទ្រូងរបស់គេ ហើយអ្នកត្រូវពិន័យ។ ប៉ុន្តែ មន្រ្តីអាជ្ញាកណ្តាល បានបដិសេធពិនិត្យប្រព័ន្ធ VAR ហើយក៏គ្មានការសម្រេចចិត្តត្រួតពិនិត្យលើកទីពីរដែរ។”

លោក Klopp បន្តថា៖ “ហេតុអ្វីបានជាមន្ត្រីនៅក្នុងបន្ទប់ VAR គិតថា វាជារឿងមិនច្បាស់។ ខ្ញុំត្រូវតែនិយាយញឹកញាប់អំពីវា ហើយខ្ញុំពិតជាមិនអស់ចិត្តនោះទេ។”

បញ្ចប់លទ្ធផលស្មើគ្នា ១-១ Liverpool រកបានត្រឹមតែ ១ពិន្ទុ ហើយឈរនៅចំណាត់ថ្នាក់លេខ ២ មាន ៦៤ពិន្ទុក្នុងដៃ។ ចំណែក Man City ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ មាន ៦៣ពិន្ទុ សុទ្ធសឹងតែឈរពីក្រោមក្រុម Arsenal ឡើងឈរកំពូលតារាងមាន ៦៤ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង