លោក Mauricio Pochettino គ្រូបង្វឹក Chelsea បាននិយាយកាលពីពេលថ្មីៗនេះថា លោកនឹងមិនលាលែងពីតំណែងឡើយ ទោះបីជាកំពុងមានសម្ពាធក៏ដោយ។
Chelsea ក្រោមការដឹកនាំរបស់បុរសជនជាតិអាហ្សង់ទីន នៅក្នុងរដូវកាល ២០២៣-២៤នេះ មិនសូវជាបង្ហាញទម្រង់លេងល្អប៉ុន្មាននោះទេ ហើយបច្ចុប្បន្នពួកគេ កំពុងតែឈរលេខ ១១នៅក្នុងតារាង Premier League។ លទ្ធផលមិនល្អកន្លងមកបានដាក់សម្ពាធជាបន្តបន្ទាប់ទៅលើ លោក Mauricio Pochettino។
ស្របពេលនឹងមានទម្រង់លេងមិនសូវល្អនេះ ស្រាប់តែមានការផ្សព្វផ្សាយបានអោយដឹងថា លោក Mauricio Pochettino អាចសុំលាលែងពីតំណែង ហើយ Chelsea មានគម្រោងនឹងហៅអតីតគ្រូបង្វឹករបស់ខ្លួនគឺ លោក Jose Mourinho មកដឹកនាំវិញ។
យ៉ាងណាក៏ដោយ ឆ្លើយតបនឹងការផ្សព្វផ្សាយខាងដើម លោក Mauricio Pochettino បានអះអាងថា Chelsea មានភាពខុសប្លែកពីមុន ហើយលោកក៏មិនបំណងលាលែងពីតំណែងនោះដែរ។
គ្រូបង្វឹកវ័យ៥២ឆ្នាំបានឱ្យដឹងដូច្នេះថា៖ “ប្រសិនបើអ្នកនឹងវិនិច្ឆ័យយើងដោយការវិភាគស្ថានភាព ហើយប្រៀបធៀបវាជាមួយនឹងអតីតកាលរបស់ Chelsea នោះប្រាកដណាស់គ្មាននរណាម្នាក់នឹងទទួលបានជោគជ័យនោះទេ។ អ្នកគាំទ្រនឹងមិនស្រឡាញ់គ្រូបង្វឹកផ្សេងទៀត ជាងខ្ញុំនោះទេ។ វាជាគម្រោងថ្មី ហើយអ្នកគ្រប់គ្នាត្រូវយល់អំពីវា។ ខ្ញុំនឹងបន្តដឹកនាំក្រុមនេះរហូតទទួលជោគជ័យ។”
ចំពោះការលើកឡើងដែលថា Chelsea ចង់នាំយកលោក Jose Mourinho ត្រឡប់មកវិញនោះ លោក Pochettino បានបញ្ជាក់ថា លោកស្គាល់ និងគោរពលោក Mourinho ក៏ប៉ុន្តែ Chelsea ពេលនេះ មិនមែនដូច Chelsea ពីមុននោះទេ។
សូមបញ្ជាក់ថា Chelsea បានរបូតពានរង្វាន់ EFL Cup ក្រោយចាញ់ក្រុម Liverpool ក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ១-០ កាលពីចុងខែកុម្ភៈកន្លងទៅ។ ពួកគេនៅសល់ពានរង្វាន់២ក្នុងដៃដែលត្រូវប្រជែងគឺពានរង្វាន់ FA Cup និង Premier League ដែលហាក់ដូចជារឿងលំបាកមួយសម្រាប់ក្រុមតោខៀវ ក្នុងការដណ្តើមពានរង្វាន់ទាំង២នេះ នៅពេលបច្ចុប្បន្ន៕