×

Leicester City ប្រឈមនឹងការកាត់ពិន្ទុ បើសិនជាអាចឡើងទៅកាន់ក្របខណ្ឌ Premier League វិញនៅរដូវកាលក្រោយ

សារព័ត៌មាន BBC នៅអង់គ្លេសបានធ្វើការរាយការណ៍ថា ប្រសិនបើ ក្លិប Leicester City អាចឡើងទៅកាន់ក្របខណ្ឌ Premier League វិញនៅរដូវកាលក្រោយ នោះពួកគេនឹងប្រឈមមុខការកាត់ពិន្ទុ ពីស្ថាប័ន Premier League និង EFL Championship ជុំវិញការបំពានច្បាប់យុត្តិធម៌ហិរញ្ញវត្ថុ Financial Fair Play ចំនួន២ករណី។

ជាការពិត បច្ចុប្បន្ន Leicester City កំពុងឈរលើកំពូលតារាង ការប្រកួតក្របខណ្ឌលំដាប់កំពូលទី២នៅអង់គ្លេស EFL Championship ដោយសល់១១ប្រកួតនៅក្នុងដៃ។ ទោះបានចាញ់៣ប្រកួត ឈ្នះ១ និង ស្មើ១ ក្នុង៥ប្រកួតចុងក្រោយរបស់ពួកគេក៏ដោយ ប៉ុន្តែមានការរំពឹងទុកខ្ពស់ថាក្រុមរហស្សនាមកញ្ជ្រោងព្រៃ និងជាបេក្ខភាពដែលនឹងវិលត្រឡប់ទៅកាន់លីគកំពូលអង់គ្លេសវិញនៅរដូវកាលក្រោយ។

យ៉ាងណា Leicester City កំពុងត្រូវចោទប្រកាន់ថា បានបំពានច្បាប់ FFP ហើយក៏មានក្លិបជាច្រើនទៀតសង្ស័យថា Leicester City បានលាក់បាំងការខាតបង់ចំនួន ១០៥លានផោន សម្រាប់រយៈពេល៣ឆ្នាំ។

ការផ្លាស់ប្តូរច្បាប់ហិរញ្ញវត្ថុ មានន័យថា ក្លិបនៅក្របខណ្ឌ Premier League ឥឡូវនេះត្រូវបានតម្រូវឱ្យប្រគល់គណនីហិរញ្ញវត្ថុរបស់ពួកគេសម្រាប់រយៈពេល៣ឆ្នាំចុងក្រោយត្រឹមថ្ងៃទី ៣១ ខែធ្នូ។ ជាក់ស្តែង ការផ្លាស់ប្តូរនេះត្រូវបានបង្កើតឡើង ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីតាមដានការបំពានហិរញ្ញវត្ថុ ឱ្យបានឆាប់រហស័ ដូច្នេះការដាក់ទណ្ឌកម្មអាចត្រូវបានប្រព្រឹត្តទៅភា្លមៗ។ តួយ៉ាង ការចោទប្រកាន់កាលពីខែមករា ប្រឆាំងនឹង Everton និង Nottingham Forest ត្រូវបានចេញជាលទ្ធផល។

ប្រភពពីខាងដើមដដែលបានអះអាងថា Leicester City ក៏នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ដូចគ្នា ប្រសិនបើពួកគេបានឡើងមកកាន់ក្របខណ្ឌ Premier League វិញ តែយ៉ាងណា ក្លិបមានសិទ្ធិប្តឹងឧទ្ធរណ៍បាន។

Leicester City ប្រហែលជាត្រូវលក់កីឡាករនៅរដូវក្តៅនេះ ដើម្បីអនុវត្តតាមច្បាប់ហិរញ្ញវត្ថុ ដោយមិនគិតពីលីគណាមួយសម្រាប់រដូវកាលក្រោយ។ ទន្ទឹមនឹងនេះ បើសិន Leicester City បានឡើងមក Premier League ពិតមែន នោះវានឹងមានភាពងាយស្រួលសម្រាប់ពួកគេ ដើម្បីរកចំណូលមកវិញ តាមរយៈការឧបត្ថម្ភ និងមានឈ្មោះជាក្លិបលេងនៅលីគកំពូលអង់គ្លេស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង