×

Arsenal ឡើងវគ្គ៨ក្រុមពានរង្វាន់ UEFA Champions League ជាលើកដំបូង ក្រោយរង់ចាំ១៤ឆ្នាំ

Arsenal បានឡើងវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ UEFA Champions League ជាលើកដំបូងក្រោយខនខាន ១៤ឆ្នាំ តាមរយៈការទម្លាក់ Porto ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៤-២។

ជាក់ស្តែង ជំនួបជើងទី២វគ្គ១៦ក្រុមចុងក្រោយ នាកីឡដ្ឋាន Emirates កាលពីយប់មិញ Leandro Trossard ជាអ្នកសម្រេចទីគ្រាប់នាំមុខ១គ្រាប់ នៅនាទី ៤១ ឱ្យក្រុមម្ចាស់ផ្ទះកាំភ្លើងធំ។

នៅវគ្គទី២ មិនមានការស៊ុតបាល់ទៀតទេ ទោះជាមានការវាយសម្រុកយ៉ាងខ្លាំងក្តី។ ដូច្នេះហើយ គ្រាប់បាល់របស់ Leandro Trossard នោះ បានជួយ Arsenal ឈ្នះ Porto ក្នុងលទ្ធផល ១-០។

កាលពីជើងទី១ ក្រុមមកពីព័រទុយហ្គាល់ FC Porto បានឈ្នះក្រុមអង់គ្លេស Arsenal ១-០ សរុបទាំងពីរជើង ១-១ ដូច្នេះគឺតម្រូវឱ្យក្រុមទាំងពីរ ថែមម៉ោងលេង ១៥នាទីពីរដង។ ការលេងក្នុងម៉ោងបន្ថែមនេះ ក្រុមទាំងពីរនៅតែមិនអាចរកគ្រាប់បាល់បាន ទើបឈានដល់វគ្គទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ហើយទីបំផុត Arsenal ឈ្នះ Porto ៤-២។

ក្រោមការដឹកនាំដ៏លេចធ្លោរបស់លោក Mikel Arteta ទីបំផុត Arsenal អាចបង្ហាញមុខក្នុងពានរង្វាន់កំពូលអឺរ៉ុបវគ្គ៨ក្រុមចុងក្រោយលើកដំបូង ក្រោយរង់ចាំ១៤ឆ្នាំ។ Arsenal ធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ចំនួន៧លើកជាប់គ្នា។

ជាមួយនឹងលទ្ធផលដ៏ល្អប្រសើរនេះ បានធ្វើឱ្យគ្រូបង្វឹក Arsenal លោក Mikel Arteta មានភាពសប្បាយរីករាយ ដោយលោកបានថ្លែងពីចំណាប់អារម្មណ៍ក្រោយចប់ការប្រកួតយ៉ាងដូច្នេះថា៖ “វាជារឿងដ៏អស្ចារ្យ ហើយវាជាអ្វីដែលយើងបានរំពឹងទុក។ គូប្រកួតរបស់យើងពិតជាមានការលេងល្អណាស់ ហើយវាពិបាកសម្រាប់ពួកយើង។ ប៉ុន្តែយើងបានធ្វើវា យើងបានស៊ុតបាល់បញ្ចូលទីយ៉ាងស្អាត និងបានស្វែងរកជ័យជម្នះ។ នេះវាជាបទពិសោធន៍ដ៏ធំសម្រាប់យើង។ វាជាភាពរីករាយណាស់សម្រាប់ខ្ញុំ និងកីឡាកររបស់ខ្ញុំ។”

ដោយឡែក ក្នុងយប់ជាមួយគ្នានេះ Barcelona ក៏បានឈានទៅវគ្គ៨ក្រុមដែរ ក្រោយឈ្នះ Napoli នៅជើងទី២ វគ្គ១៦ក្រុម ៣-១ សរុបទាំងពីរជើង ៤-២។ វាជាលើកទី១ របស់ Barcelona សម្រាប់កៅអី៨ក្រុមចុងក្រោយ UEFA Champions League ក្រោយខកខាន៤ឆ្នាំជាប់គ្នា។

គិតត្រឹមពេលនេះ គេបានរកឃើញ៦ក្រុមហើយ បានកៅអីវគ្គ៨ក្រុមចុងក្រោយ UEFA Champions League ក្នុងនោះរួមមាន ម្ចាស់ការពារតំណែងជើងឯក Man City, Bayern Munich, Real Madrid, PSG, Barcelona និង Arsenal៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង