×

Man City ត្រៀមផ្តល់កិច្ចសន្យាថ្មីបន្ថែមទៀត សម្រាប់ Phil Foden

សារព័ត៌មាន Football Insider បានរាយការណ៍មកថា ក្លិប Manchester City កំពុងរៀបចំផ្តល់ជូនកិច្ចសន្យាថ្មីបន្ថែមទៀត សម្រាប់ខ្សែបម្រើ Phil Foden បន្ទាប់ពីមើលឃើញពីការបង្ហាញគុណផលលេងដ៏ល្អរបស់គេសម្រាប់ការប្រកួតថ្មីៗនេះ។

កិច្ចសន្យាបច្ចុប្បន្នរបស់ Foden នឹងផុតកំណត់នៅឆ្នាំ២០២៧ ឯណោះ ប៉ុន្តែក្លិបរហស្សនាមមេឃខៀវ នៅតែចង់រក្សារូបគេសម្រាប់រយ:ពេលវែងទៅមុខទៀត។

កីឡាករវ័យ ២៣ឆ្នាំ បានរួមចំណែករកបាន ១៨ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចំនួន ៩ ដងរួចមកហើយ ក្នុងការបង្ហាញខ្លួនចំនួនសរុប ៤១ ប្រកួតក្នុងរដូវកាលនេះ។

ជុំវិញការបង្ហាញភាពលេចធ្លោបែបនេះហើយ ទើបថា្នក់ដឹកនាំរបស់ក្លិប Man City ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំកិច្ចសន្យាថ្មីបន្ថែមទៀតសម្រាប់ Phil Foden ដើម្បីជារង្វាន់ ស្របពេលកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ក៏អាចក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលអាចរកចំណូលបានច្រើនជាងគេ ក្នុងក្រុមរបស់លោក Pep Guardiola ផងដែរ។

ទោះយ៉ាងណា កិច្ចពិភាក្សាការបន្តកុងត្រាថ្មី រវាង Man City និង Phil Foden អាចនឹងដំណើរការ ពេញលេញ រហូតទាល់តែដំណាច់រដូវកាលនេះ ខណៈបច្ចុប្បន្នពួកគេកំពុងផ្តោតលើ ការប្រជែងពានរង្វាន់នានា ដែលមានដូចជា Premier League, FA Cup និង UEFA Champions Leagueផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង