×

គ្រូ Arsenal បដិសេធមិនបានប្រមាថគ្រួសាររបស់គ្រូ Porto

គ្រូបង្វឹកក្រុម Porto លោក Sergio Conceicao បាននិយាយថា អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta បានប្រមាថគ្រួសាររបស់គាត់ក្នុងការប្រកួតដែលក្រុមរបស់គាតចាញ់ក្រុមកាំភ្លើងធំ នៅវគ្គ ១៦ ក្រុមចុងក្រោយ ក្របខណ្ឌ Champions League។

ក្រុមកាំភ្លើងធំ បានឈានដល់វគ្គ ៨ ក្រុម បន្ទាប់ពីការទទួលជ័យជម្នះដោយការស៊ុតបាល់ប៉េណាល់ទី ៤-២ ដោយសារការសង្គ្រោះពីរគ្រាប់ពី David Raya ។

លោក Conceicao បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖ “អ្វីដែល Arteta បាននិយាយទៅកាន់អ្នកអង្គុយនៅកៅអីបម្រុង ជាភាសាអេស្ប៉ាញ គាត់បានប្រមាថគ្រួសាររបស់ខ្ញុំ” ។

យ៉ាងណា ប្រភពក្លិប Arsenal បាននិយាយថា លោក Arteta បដិសេធការចោទប្រកាន់នេះ។ បន្ទាប់ពីបញ្ចប់ការប្រកួត អ្នកចាត់ការទាំងពីរហាក់ដូចជា មានការប៉ះសម្ដីគ្នាយ៉ាងខ្លាំងនៅលើទីលាន មុនពេលត្រូវបានក្រុមការងារបំបែកចេញពីគ្នា។

លោក Conceicao បានបន្តថា៖ “គាត់គួរតែផ្តោតលើហ្វឹកហាត់ក្រុមរបស់គាត់។ លទ្ធផលគឺអយុត្តិធម៌។ ក្រុមរបស់ពួកយើង សមនឹងឡើងទៅបន្ត”។

ក្នុងឆ្នាំ២០២០ លោក Conceicao ក៏បានចោទប្រកាន់លោក Pep Guardiola របស់ Man City ថាមិនសប្បាយចិត្ត និងប្រើពាក្យអាក្រក់ ក្នុងអំឡុងពេលក្រុមរបស់គាត់ចាញ់ក្រុមមេឃខៀវ ក្នុងក្របខណ្ឌ Champions League ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង