×

អ្នកចាំទី Ederson គ្មានឈ្មោះក្នុងក្រុមប្រេស៊ីល និងទំនងខកខានជួយ Man City ប៉ះ Arsenal

អ្នកចាំទី Man City Ederson គ្មានឈ្មោះនៅក្នុងបញ្ជីក្រុមជម្រើសជាតិប្រេស៊ីល សម្រាប់ការប្រកួតមិត្តភាព ទល់ អង់គ្លេស និងអេស្ប៉ាញ ព្រោះតែបញ្ហារបួសសាច់ដុំ។ Ederson ក៏ទំនងប្រឈមខកខានជួយក្លិបប្រជែងទល់ក្រុមកំពូលតារាង Arsenal ថែមទៀត។

កីឡាករវ័យ៣០ឆ្នាំ បានរងរបួសសាច់ដុំជើងស្តាំ ហើយអាចនឹងអវត្តមានចំនួន ៣ ឬទៅ ៤សប្តាហ៍។ ពេលវេលាកំណត់នេះ បានធ្វើឱ្យអ្នកចាំទីដៃស្អិត នឹងអាចប្រឈមខកខានជួយក្រុម Man City ក្នុងការប្រជែងពិន្ទុទល់នឹងក្រុមកំពូលតារាង Arsenal ក្នុងជំនួបក្របខណ្ឌ Premier League នៅថ្ងៃទី៣១ ខែមីនា។

បញ្ហារបួសនេះភាគីក្លិប Man City ក៏បានបញ្ជាក់ដែរថា អ្នកចាំទីរបស់ខ្លួន ត្រូវបានរំពឹងថានឹងអាចអវត្តមានចំនួន ៤សប្តាហ៍។ Ederson បានរងរបួសអំឡុងការប្រកួតវគ្គទីមួយទល់នឹងក្រុមខ្លាំង Liverpool កាលពីសប្តាហ៍មុន ដែលលទ្ធផលបញ្ចប់ទៅស្មើ ១-១។ បញ្ហារបួសបានធ្វើឱ្យលោក Pep Guardiola ចាត់ទុកថាជារឿងមិនល្អសម្រាប់ក្រុម។

ចំណែកឯ ប្រេស៊ីល ត្រូវតទល់ជាមួយនឹងតោកំណាចអង់គ្លេស នៅថ្ងៃទី២៣ ខែមីនា ក្នុងកីឡដ្ឋាន Wembley ព្រមទាំងជួប អេស្ប៉ាញ នៅរយៈពេល ៣ថ្ងៃ បន្ទាប់ក្នុងទីក្រុងម៉ាឌ្រីត។ ដំបូងឡើយ Ederson ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមជម្រើស ១១នាក់ដំបូង នៅក្នុងការប្រកួតទាំង ២នេះ ខណៈបច្ចុប្បន្នអ្នកចាំទីដៃទី១ Allison ដែលលេងនៅ Liverpool ក៏កំពុងរងរបួស។

ដោយឡែក Man City បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៣ ឆ្លងកាត់ការប្រកួតចំនួន ២៨លើក រកបាន ៦៣ពិន្ទុ ឈរពីក្រុម Arsenal ក្រុមកំពូលតារាង មានពិន្ទុស្មើនឹងក្រុមលេខ ២ Liverpool ដែល ៦៤ពិន្ទុដូចគ្នា។

Man City នឹងត្រូវប្រឈមមុខទល់នឹងក្រុម Newcastle United ក្នុងពានរង្វាន់ FA Cup វគ្គ ៨ក្រុមចុងក្រោយ ខណៈជួបវិបត្តិអ្នកចាំទី។

តែយ៉ាងណា នៅជំនួបសំខាន់ខ្លាំងទល់ Arsenal នៅចុងខែមីនា ទាំងលោក Pep Guardiola និងក្លិប Man City ផ្ទាល់កំពុងព្យាយាម ដើម្បីអាចធ្វើឱ្យ Ederson ឆាប់បានចូលលេងវិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង