មានការរាយការណ៍ឱ្យដឹងថា ខ្សែបម្រើ Kevin De Bruyne រងរបួសភ្លៅ ក្នុងកម្រិតស្រាល តែរង់ចាំការពិនិត្យបន្ត។
ដំណឹងនេះត្រូវបានទម្លាយដោយគ្រូបង្វឹកជម្រើសជាតិបែលហ្ស៊ីក លោក Domenico Tedesco ក្រោយឆ្លងការពិនិត្យដោយក្រុមគ្រូពេទ្យជំនាញ។
ដំបូងឡើយ De Bruyne មានឈ្មោះត្រៀមចូលលេងឱ្យក្រុមជម្រើសជាតិបែលហ្ស៊ីក ក្នុងប្រកួតមិត្តភាពជាមួយអៀរឡង់ និងអង់គ្លេស នាចុងខែនេះ។ យ៉ាងណា ក្រោយការពិនិត្យរួចមក គ្រូបង្វឹកបែលហ្ស៊ីក សម្រេចមិនដាក់ឈ្មោះ De Bruyne ចូលលេងទេ។ មិនទាន់មានការបញ្ជាក់បានថា De Bruyne នឹងអវត្តមានរយៈពេលប៉ុន្មានឡើយដោយសាររបួសនេះ។
De Bruyne ទើបបានចូលលេងបាល់វិញអោយក្លិប Man City កាលពីថ្មីៗប៉ុណ្ណោះ ក្រោយអវត្តមានជាង ៥ ខែ ដោយសាររបួសសរសៃពួរ។
ដោយឡែក Man City ត្រូវប៉ះ Newcastle United នាចុងសប្ដាហ៍នេះ ក្នុងកម្មវិធី FA Cup ហើយត្រូវប៉ះ Arsenal នៅចុងខែមីនា នៅ Premier League ដែលកំពុងមានការប្រជែងគ្នាយ៉ាងខ្លាំង។
កីឡាករ វ័យ ៣២ ឆ្នាំ ជាកីឡាករសំខាន់របស់ Manc City។ តាំងពីចូលរួមកាលពីឆ្នាំ ២០១៥ មក De Bruyne បង្ហាញទម្រង់លេងយ៉ាងល្អជាពិសេសចូលរួមបង្កើតឱកាស និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចូលទី។ គិតមកទល់ពេលនេះ De Bruyne លេងបាន ៣៧០ ប្រកួត និងស៊ុតចូល ៩៨ គ្រាប់៕