គ្រូបង្វឹក Manchester United លោក Erik Ten Hag បាននិយាយថា លោក មានមោទកភាពខ្លាំងណាស់ចំពោះក្រុមបិសាចក្រហមរបស់លោក ដែលបានយកឈ្នះក្រុមហង្សក្រហម Liverpool នៅក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ FA Cup កាលពីយប់មិញ។
ជាការពិត ជំនួបរវាងក្រុមពណ៌ក្រហមទាំង២ ដែលធ្វើឡើងនាទីលាន Old Trafford ពិតជាមានភាពជក់ចិត្ត ដោយកីឡាករក្រុមទាំងសងខាងបានធ្វើការវាយសម្រុកដាក់គ្នា ហើយមានស្ថិតិនៃការគ្រប់គ្រងបាល់ និង ការស៊ុតបាល់យ៉ាងច្រើនប្រហាក់ប្រហែលគ្នា។
ដំណើរការបាន១០នាទី Scott McTominay ជាអ្នករកគ្រាប់បាល់បើកឆាកនាំមុខឱ្យក្រុមម្ចាស់ផ្ទះ។ យ៉ាងណា ក្រុមភ្ញៀវដែលដឹកនាំដោយគ្រូបង្វឹកលោក Jurgen Klopp បានវាយបក ២គ្រាប់នៅចុងវគ្គទី១ ដើម្បីនាំមុខវិញ ដែលជាការធ្វើបានពីកីឡាករ Alexis Mac Allister នៅនាទី៤៤ និង Mohamed Salah នៅនាទី៤៥+២។
ចូលមកដល់វគ្គទី២ Antony បាន តាមរកគ្រាប់បាល់តាមស្មើឱ្យ Man UTD វិញ ២-២ ដែលលទ្ធផលនេះ បានរក្សាដល់ចប់៩០នាទី។ ការប្រកួតក៏បន្តដល់ការថែមម៉ោង ១៥នាទី២ដង ដោយក្នុងនោះ នាទី ១០៥ Liverpool បាននាំមុខវិញ ដោយ Harvey Elliott ជាអ្នករកគ្រាប់បាល់នៅនាទី ១០៥ ប៉ុន្តែលទ្ធផលស្មើគ្នា កើតមានម្តងទៀតនៅនាទី១១២ ដោយគ្រាប់បាល់របស់ Marcus Rashford។ យ៉ាងណា ចុងក្រោយ Man UTD បានស្រវាយកជ័យជម្នះពេល Amad Diallo រកគ្រាប់បាល់ នៅនាទី១២០+១ មុនពេលរូបគេទទួលបានកាតលឿងទី២ស្មើកាតក្រហម ប៉ុន្តែការប្រកួតក៏បញ្ចប់ទៅដោយលទ្ធផល Man UTD ៤ Liverpool ៣។
ជាមួយនឹងការធ្វើបានល្អបែបនេះ គ្រូបង្វឹក Man UTD លោក Erik Ten Hag បានបង្ហាញពីមោទកភាព និងភាពរីករាយ ដោយថា ជ័យជម្នះនេះជាការបន្តក្តីសង្ឃឹមរបស់ Man UTD ក្នុងការប្រជែងពានរង្វាន់ដទៃទៀតដែលពួកគេមានក្នុងដៃ។
គ្រូបង្វឹកជនជាតិហូឡង់ បានថ្លែងក្រោយចប់ការប្រកួតបែបនេះថា៖ “កីឡាកររបស់ខ្ញុំបានលេងជាមួយនឹងសក្កានុពល ហើយគ្រប់គ្នាធ្វើវាបានល្អរហូតយើងអាចឈ្នះការប្រកួតទៅលើក្រុមខ្លាំងដូចជា Liverpool។ ខ្ញុំពិតជារីករាយណាស់ និងមានមោទកភាព ហើយលទ្ធផលនេះធ្វើឱ្យយើងមានទំនុកចិត្តនិងក្តីសង្ឃឹមក្នុងការប្រជែងពានរង្វាន់ដែលពួកយើងនៅសេសសល់។”
ក្រុម Man UTD នឹងបន្តឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ ពានរង្វាន់ FA Cup ដោយជួបក្រុមមកពីលីគទី២ Coventry City ដែលបានឈ្នះក្រុម Wolverhampton ៣-២ ដោយការប្រកួតធ្វើឡើងនាថ្ងៃទី ២០ ខែមេសា ខាងមុខ នាកីឡដ្ឋាន Wembley៕