លោក David Moyes គ្រូបង្វឹករបស់ក្លិប West Ham កំពុងរៀបចំការដេញថ្លៃសាជាថ្មីសម្រាប់ខ្សែការពារកណ្តាល Harry Maguire របស់ក្លិប Manchester United នៅរដូវក្តៅខាងមុខនេះ។
លោក Moyes ចង់នាំយកខ្សែការពារសញ្ជាតិអង់គ្លេស ដើម្បីពង្រឹងតំបន់ការពាររបស់ក្រុម។ ការដេញថ្លៃដំបូងដើម្បីនាំយក Maguire ពីកីឡដ្ឋាន Old Trafford បានបរាជ័យ កាលពីរដូវកាលមុន ដោយសារតែ Man Utd ទាមទារតម្លៃខ្ពស់សម្រាប់ Maguire ដែលមានអាយុ ៣១ ឆ្នាំ ហើយខ្សែការពារកណ្តាលរូបនេះ មិនទទួលយកការកាត់ប្រាក់ឈ្នួលដ៏ច្រើន ដើម្បីធ្វើឱ្យការផ្ទេរទៅ West Ham នោះទេ។
ទោះជាយ៉ាងណា West Ham ត្រូវបានរាយការណ៍ថានឹងព្យាយាមម្តងទៀត ស្របពេលដែល Maguire កាន់តែខិតជិតដល់ការផុតកិច្ចសន្យារបស់ខ្លួនជាមួយក្រុមបិសាចក្រហម។ រូបគេនៅសល់កុងត្រាមួយឆ្នាំទៀត ដោយក្លិបមានជម្រើសបន្តកុងត្រាឱ្យមួយរដូវកាល ប្រសិនបើពួកគេចង់ឱ្យរូបគេស្នាក់នៅ។
Maguire បានផ្ទេរពី Leicester City ក្នុងតម្លៃ ៨៥ លានផោនកាលពីឆ្នាំ២០១៩ ប៉ុន្តែបច្ចុប្បន្នកំពុងជួបជាមួយនឹងបញ្ហារបួស៕