មានសេចក្ដីរាយការណ៍ថា មិត្តរួមក្រុមរបស់ Mason Greenwood បានបង្ហាញការគាំទ្រចំពោះការត្រលប់ទៅកាន់កីឡដ្ឋាន Old Trafford វិញរបស់ខ្សែបម្រើប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ។
ខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំ បានបារម្ភថាអាជីពរបស់ខ្លួននៅក្រុមបិសាចក្រហមត្រូវបានបញ្ចប់ នៅពេលរូបគេត្រូវបានបញ្ជូនទៅលេងនៅប្រទេសអេស្ប៉ាញ បន្ទាប់ពីការចាប់ខ្លួនពីបទប៉ុនប៉ងរំលោភ។
ការចោទប្រកាន់នេះ ត្រូវបានទម្លាក់ រួមជាមួយនឹងការចោទប្រកាន់ពីអំពើហិង្សាលើមិត្តស្រីរបស់គេផងដែរ។ ប៉ុន្តែ Greenwood មិនបានលេងឱ្យ Man Utd ឡើយចាប់តាំងខែមករា ឆ្នាំ២០២២មកម្ល៉េះ។
នៅក្នុងបទសម្ភាសដ៏ចម្រូងចម្រាសមួយ សហម្ចាស់ក្លិប Man Utd លោក Sir Jim Ratcliffe បានបញ្ជាក់ថា ក្រុមស្វាគមន៍ការវិលត្រឡប់របស់ Greenwood ដែលស៊ុតបញ្ចូលទីបាន ៨ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ៥ ដងសម្រាប់ក្រុម Getafe នៅក្របខណ្ឌ La Liga ។
យោងតាមសារព័ត៌មាន The Sun ប្រភពមួយបានឱ្យដឹងថា៖ “មិត្តរួមក្រុមរបស់ Greenwood នឹងមិនប្រឆាំងក្នុងការវិលត្រលប់ទៅ Old Trafford នោះទេ។
ពួកគេដឹងទាំងអស់អំពីសាវតារ ហើយយល់ថាតើវាមានភាពចម្រូងចម្រាសយ៉ាងណា ដើម្បីឱ្យគាត់ត្រឡប់មកវិញ។
ការសម្រេចចិត្តរបស់ពួកគេគឺជាកីឡាបាល់ទាត់ សុទ្ធសាធ និងសាមញ្ញ។
United មានការលំបាកក្នុងការរកគ្រាប់បាល់នៅរដូវកាលនេះ ហើយពួកគេត្រូវការកីឡាករដូចជា Mason។”
គួរបញ្ជាក់ថា Greenwood នៅជាប់កុងត្រាជាមួយ Man Utd រហូតដល់ឆ្នាំ២០២៥ ប៉ុន្តែក្នុងខែកញ្ញា Gatafe បានខ្ចីជើងពីក្រុមបិសាចក្រហម។ ទោះជាយ៉ាងណា ការវិលត្រឡប់របស់ Greenwood ត្រូវបានរំពឹងថានឹងទទួលការជំនាស់ពីក្រុមបាល់ទាត់ផ្នែកនារីរបស់ Man Utd ៕