Nottingham Forest ត្រូវបានស្ថាប័ន Premier League កាត់៤ពិន្ទុចេញ បន្ទាប់ពីរកឃើញថា ពួកគេបានបំពានច្បាប់នៃប្រាក់ចំណេញនិងនិរន្តរភាព PSR។
ជាការពិត គណៈកម្មការឯករាជ្យនៅអង់គ្លេស បានរកឃើញថា Nottingham Forest បានល្មើសច្បាប់ PSR នៅរដូវកាល ២០២២-២៣ ដោយរាយការណ៍ការខាតបង់ត្រឹមតែ ៣៤,៥ លានផោន ខណៈការខាតបង់មាន៦១លានផោន។
ដូច្នេះហើយ Premier League បានដាក់ទណ្ឌកម្មទៅលើក្រុម Nottingham Forest ដោយបានកាត់៤ពិន្ទុចេញហើយការកាត់ពិន្ទុនេះ បានធ្វើឱ្យក្រុម រអិលចុះទៅកាន់តំបន់កាត់ចោលលេខ១៨ មាន ២១ពិន្ទុ ឆ្លងកាត់២៩ប្រកួត ឃ្លាត១ពិន្ទុពីតំបន់សុវត្ថិភាព លេខ១៧ ដែលកំពុងឈរដោយក្រុម Luton Town ។
ជុំវិញរឿងនេះ ក្រុម Nottingham Forest បានចេញសេចក្តីថ្លែងការណ៍ថា ពួកគេមានការខកចិត្តចំពោះការសម្រេចចិត្តរបស់ Premier League ហើយករណីនេះបានបង្កជាក្តីបារម្ភសម្រាប់ក្លិបនានាផងដែរ។
ដោយឡែក ក្រុម Nottingham Forest នៅមានរយៈពេល៧ថ្ងៃ ក្នុងការដាក់ពាក្យប្តឹងឧទ្ធរណ៍ ដើម្បីប្រឆាំងនឹងការសម្រេចរបស់ស្ថាប័នលីគកំពូលអង់គ្លេសនេះ។
សម្រាប់ទណ្ឌកម្មនេះដែរ បានធ្វើឱ្យ Nottingham Forest ក្លាយជាក្រុមទី២ បន្ទាប់ពី Everton ដែលត្រូវបាន Premier League កាត់ពិន្ទុ ករណីបំពានច្បាប់ PSR ដូចគ្នា។ តួយ៉ាង Everton ត្រូវបានកាត់រហូតដល់ទៅ១០ពិន្ទុ កាលពីខែវិច្ឆិកា ប៉ុន្តែក្រោយមកក៏ត្រូវបន្ធូរបន្ថយទណ្ឌកម្ម មកត្រឹមការកាត់៦ពិន្ទុ ក្រោយពីពួកគេបានដាក់ពាក្យប្តឹងឧទ្ធរណ៍រួចមក៕