សារព័ត៌មាន Dailymail នៅអង់គ្លេសបានរាយការណ៍ឱ្យដឹងថា ក្រុមបុគ្គលិកក្លិប Manchester United ចំនួន ៣២ នាក់បានធ្វើការដាក់ពាក្យប្ដឹងផ្ដល់ក្លិបបិសាចក្រហម ទាក់ទិននឹងរឿងលេចធ្លាយព័ត៌មានសម្ងាត់ផ្ទាល់ខ្លួន។
ករណីលេចធ្លាយព័ត៌មានសម្ងាត់បានកើតឡើងតាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយសារតែខាងក្រុមធនធានមនុស្សរបស់ក្លិបច្រឡំភ្លាត់ដៃផ្ញើរសារអេឡិចត្រូនិក ដែលផ្ទុកនូវឯកសារផ្ទាល់ខ្លួនរបស់បុគ្គលិក ដែលមានដូចជា ព័ត៌មានពាក់ព័ន្ធនឹងប្រាក់ខែ ឈ្មោះបុគ្គលិក លេខបណ្ណធានារ៉ាប់រ៉ងជាតិជាដើម ទៅកាន់បុគ្គលិកកុងត្រារបស់ក្លិប Man UTD ។
ខាងមេធាវីតំណាងបុគ្គលិកទាំង ៣២រូបនោះបានអះអាងថា ទោះជារឿងនេះកើតឡើងតាំងពីឆ្នាំ២០១៨មែន ក៏ម្ចាស់ក្លិបត្រូវដោះស្រាយអោយសមស្រប។
ចាប់តាំងពីឆ្នាំ២០១៨មក ក្រុមបុគ្គលិកដែលរងផលប៉ះពាល់ បានដាក់ពាក្យបណ្ដឹងជាច្រើនដងមកហើយ តែមិនបានសម្រេច។ ខាងបុគ្គលិកដែលរងគ្រោះប្ដឹងទារសំណងសរុបក្បែរ ១៣ម៉ឺនដុល្លារអាមេរិក។
យ៉ាងណាមិញ ក្លិប Man UTD បានឆ្លើយតបថា ក្លិបនឹងចាត់វិធានការណាមួយ ដើម្បីបង្ការកុំឱ្យមានករណីនេះកើតឡើងជាថ្មីទៀត។
ពាក្យបណ្តឹងរបស់ក្រុមបុគ្គលិកនេះដែរ អាចជាបន្ទុករបស់ Man UTD បន្ទាប់ពីមហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe បានតែងតាំងក្រុមរៀបចំរចនាសម្ពន្ធសាជីវកម្ម ដើម្បីអនុវត្តការកាត់ថ្លៃចំណាយដ៏សំខាន់នៅក្លិបដើម្បីអនុវត្តតាមប្រាក់ចំណេញ និង ច្បាប់និរន្តរភាព៕