ខ្សែការពារ Kyle Walker និង Harry Maguire នឹងត្រូវខកខានជួយជម្រើសជាតិអង់គ្លេស ក្នុងជំនួបមិត្តភាពអន្តរជាតិទល់នឹងក្រុមបែលហ្ស៊ិក ដោយសាររបួស។
កីឡាករទាំងពីរ បានរងរបួសនៅក្នុងជំនួបដែលអង់គ្លេសចាញ់ប្រេស៊ីល ១-០ ក្នុងកីឡដ្ឋាន Wembley កាលពីសប្តាហ៍មុន។ នេះបើតាមសេចក្តីប្រកាសរបស់សហព័ន្ធបាល់ទាត់អង់គ្លេស FA។
អ្នកចាំទីដៃទីពីរ Sam Johnstone ក៏ត្រូវអនុវត្តមានពីការប្រកួតស្ថិតក្នុងកីឡដ្ឋាន Wembley ខណៈអ្នកចាំទីវ័យ ២១ឆ្នាំ James Trafford និងខ្សែការពារវ័យ ២១ឆ្នាំ Rico Lewis ត្រូវបានកោះហៅបន្ទាន់ ចូលក្រុមជម្រើសជាតិអង់គ្លេស ដើម្បីមកបំពេញចន្លោះខ្វះខាតក្នុងក្រុមដឹកនាំដោយគ្រូបង្វឹកលោក Gareth Southgate ។
អ្នកចាំទី Trafford របស់ក្រុម Burnley ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសលើកដំបូង ខណៈ Lewis យុវជនរបស់ក្រុម Manchester City ធ្លាប់បង្ហាញខ្លួនលើកដំបូងក្នុងជំនួបទល់នឹងក្រុមម៉ាសេដ្វានខាងជើង កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣។
បញ្ហារបួសបានរុញច្រានឱ្យខ្សែការពារ Kyle Walker និង Maguire ក្លាយជាកីឡាករដែលនឹងត្រូវបាត់មុខពីក្រុមអង់គ្លេស ក្រោយពេលដែលប្រធានក្រុម Harry Kane និង Bukayo Saka បានរងរបួសមុនការប្រកួតទល់នឹងប្រេស៊ីល។
បើតាមការបញ្ជាក់របស់ FA កីឡាករដែលរងរបួស នឹងត្រូវវិលត្រឡប់ទៅកាន់ក្លិបរបស់ពួកគេវិញ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃសម្រាប់បញ្ហារបួស។
សូមបញ្ជាក់ថា អង់គ្លេសនឹងមានការប្រកួតមិត្តភាពទល់នឹងបែលហ្ស៊ិក ដែលជាជំនួបមិត្តភាពអន្តរជាតិចុងក្រោយសម្រាប់ខែមីនា ដែលធ្វើឡើងនាកីឡដ្ឋាន Wembley នាយប់នេះ៕