×

Nottingham Forest ប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ពិន្ទុនៅ Premier League

ក្រុម Nottingham Forest បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ចំនួន៤ពិន្ទុ សម្រាប់ការបំពានច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពនៃក្របខណ្ឌ Premier League ។

គណៈកម្មការឯករាជ្យមួយ បានរកឃើញថា ការខាតបង់របស់ Nottingham Forest គិតត្រឹមរដូវកាល ២០២២-២៣ បានលើស ៣៤,៥ លានផោន ពីលើការខាតបង់ដែលអនុញ្ញាតចំនួន ៦១ លានផោន។

ការកាត់ពិន្ទុ បានធ្វើឱ្យ Forest ធ្លាក់ទៅក្នុងតំបន់កាត់ចោលក្នុងចំណាត់ថ្នាក់លេខ ១៨ ដោយតាមពីក្រោយ Luton Town មួយពិន្ទុ។ ជុំវិញការសម្រេចនេះ Forest បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេនឹងមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។

Forest ជាក្រុមទីពីរ ដែលត្រូវបានកាត់ពិន្ទុ សម្រាប់ការបំពានច្បាប់ PSR បន្ទាប់ពី Everton ត្រូវបានកាត់ ១០ ពិន្ទុក្នុងខែវិច្ឆិកា ដែលត្រូវបានកាត់បន្ថយមកត្រឹម ៦ ពិន្ទុវិញក្រោយបណ្តឹងឧទ្ធរណ៍របស់ក្រុមរហស្សនាមស្ករគ្រាប់។

កាលពីសប្តាហ៍មុន Forest បាននិយាយថា ពួកគេខកចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តនេះ។

ក្លិបនៅ Premier League អាចខាតបង់ ១០៥ លានផោនក្នុងរយៈពេល ៣ រដូវកាល ប៉ុន្តែការខាតបង់របស់ Forest ត្រូវបានអនុញ្ញាតឱ្យត្រឹមតែ ៦១ លានផោនប៉ុណ្ណោះ ព្រោះពួកគេបានចំណាយពេលបានទើបតែ ២ ឆ្នាំក្នុងក្របខណ្ឌកំពូលអង់គ្លេសសម្រាប់ការវាយតម្លៃ។

Forest បានឡើងមកកាន់ Premier League ក្នុងឆ្នាំ ២០២២ ហើយបានចុះហត្ថលេខាលើកីឡាករថ្មីចំនួន ២២ នាក់ដែលជាកំណត់ត្រារបស់អង់គ្លេសនៅរដូវក្តៅ និងនាំយកកីឡាករថ្មី ៥ នាក់ក្នុងលក្ខខណ្ឌខ្ចីជើងផងដែរ។

ការចំណាយលើការផ្ទេរសុទ្ធរបស់ពួកគេក្នុងរដូវកាល ២០២២-២៣ គឺ ១៤២,៨ លានផោន។ Forest បានខាតបង់ ៤០ លានផោនក្នុងឆ្នាំ២០២២ និងបន្តខាត ៥២ លានផោនក្នុងឆ្នាំ២០២៣៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង