×

លោក Maurizio Sarri បដិសេធសំណើមកដឹកនាំក្លិប Nottingham Forest

ប្រភពពីសារព័ត៌មាន Dailymail នៅអង់គ្លេសបានធ្វើការរាយការណ៍ថា លោក Maurizio Sarri បានបដិសេធសំណើ ដើម្បីក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លិប Nottingham Forest បន្ទាប់ពីបានប្រកាសចែកផ្លូវគ្នា ជាមួយក្លិប Lazio កាលពីដើមខែនេះ។

ជាក់ស្តែង អតីតគ្រូបង្វឹក Chelsea និង Juventus បានសម្រេចចិត្តលាលែងពីតំណែង ជាគ្រូបង្វឹក Lazio ដែលស្ថិតនៅក្របខណ្ឌ Serie A ក្រោយរងបរាជ័យក្នុងការប្រកួតក្នុងដីខ្លួនឯង ទល់នឹងក្រុម Udinese កាលពីថ្ងៃទី១១ ខែមីនា។

លោក Maurizio Sarri ដែលបានលើកពាន Serie A កាលពីឆ្នាំ ២០២០ ជាមួយ Juventus និងឈ្នះពាន UEFA Europa League ជាមួយ Chelsea ក្នុងឆ្នាំ ២០១៩ បានមកជំនួសតំណែងលោក Simone Inzaghi ជាគ្រូបង្វឹក Lazio ក្នុងឆ្នាំ ២០២១ និងបានដឹកនាំ ក្លិបមួយនេះ បញ្ចប់ការប្រកួតក្របខណ្ឌ Serie A ក្នុងចំណាត់ថ្នាក់លេខ២កាលពីរដូវកាលមុន ដែលជាចំណាត់ថ្នាក់ល្អបំផុតរបស់ពួកគេ ចាប់តាំងពីការប្រកួតលីគឆ្នាំ ១៩៩៩-២០០០ មក។

យ៉ាងណាមិញ នៅតែប៉ុន្មានថ្ងៃបន្ទាប់ពីការលាលែងពីតំណែងពីតំណែង ក្លិប Nottingham Forest នៅក្របខណ្ឌ Premier League បានទាក់ទងមកកាន់លោក Sarri ដើម្បីផ្តល់ជូនសំណើកុងត្រារយៈពេល ៣ឆ្នាំ សម្រាប់មកដឹកនាំជំនួសតំណែងរបស់លោក Nuno Espirito Santo ។

យ៉ាងណាក៏ដោយ លោក Sarri បានបិសេធសំណើនេះភ្លាមៗ ដោយលោកគ្រោងនឹងចំណាយពេលសម្រាកពីបាល់ទាត់មួយរយៈ ដោយសារតែលោកបានចំណាយពេលជិត ១២ឆ្នាំជាប់ៗគ្នាហើយ ក្នុងអាជីពជាគ្រូបង្វឹកនេះ ចាប់តាំងពីរូបលោកបានចូលកាន់តំណែងក្នុងក្លិប Empoli ក្នុងឆ្នាំ២០១២។

សម្រាប់ Nottingham Forest បច្ចុប្បន្នកំពុងមានរឿងរ៉ាវក្តីក្តាំងកាត់ពិន្ទុពីស្ថាប័ន Premier League ដោយការបំពានច្បាប់ ចំណាយផ្នែកហិរញ្ញវត្ថុ ដែលធ្វើឱ្យពួកគេធ្លាក់ទៅកាន់ចំណាត់ថ្នាក់លេខ១៨ តំបន់កាត់ចោល មាន២១ពិន្ទុឃ្លាត១ពិន្ទុពីតំបន់សុវត្ថិភាព។ បន្ថែមពីនេះ លទ្ធផលដឹកនាំមិនសូវល្អរបស់លោក Nuno Espirito Santo បានធ្វើឱ្យក្លិបចាប់ផ្តើមស្វែងរកគ្រូបង្វឹកថ្មី ដោយស្រោចស្រង់ស្ថានការណ៍ដែលពួកគេកំពុងជួបប្រទះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង