បន្ទាប់ពីការសម្រាកអន្តរជាតិបានបញ្ចប់ ក្រុម Manchester City នឹងត្រលប់ទៅការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី៣០ ដោយទទួលក្រុម Arsenal នៅកីឡដ្ឋាន Etihad នៅក្នុងជំនួបដ៏សំខាន់ ដែល CBS នឹងផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MyTV នៅថ្ងៃអាទិត្យ ទី៣១ ខែមីនា ចាប់ពីម៉ោង ១០:២៥ នាទីយប់តទៅ។
ការប្រកួតនេះ អាចមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការប្រជែងពានរង្វាន់ Premier League ក្នុងរដូវកាល២០២៣-២៤។ ដោយខុសគ្នាតែមួយពិន្ទុ រវាងក្រុម Arsenal, Liverpool និង Manchester City នៅលើកំពូលតារាង Premier League ការជួបគ្នារវាង Man City និង Arsenal គឺជាឱកាសសម្រាប់ក្រុមទាំងពីរក្នុងការដណ្តើមពានផងដែរ។
Manchester City មានការព្រួយបារម្ភពីបញ្ហារបួសជាច្រើន អំឡុងពេលសម្រាកអន្តរជាតិថ្មីៗនេះ។ John Stones, Kyle Walker, Manuel Akanji, និង Matheus Nunes សុទ្ធតែមានការព្រួយបារម្ភអំពីរបួសពេលលេងឱ្យប្រទេសរបស់ពួកគេ។ Kevin De Bruyne, Jack Grealish និង Ederson បានខកខានការប្រកួតអន្តរជាតិចុងក្រោយដោយសាររបួស។ មានព័ត៌មានវិជ្ជមានសម្រាប់ Manchester City ថា Kevin De Bruyne និង Jack Grealish បានត្រលប់មកហ្វឹកហាត់នៅសប្តាហ៍នេះមុនការប្រកួតថ្ងៃអាទិត្យ។
ចំណែក Arsenal មានកីឡាករជាច្រើនអាចមិនបានចូលលេង។ Bukayo Saka និង Gabriel Magalhaes បានដកខ្លួនពីកាតព្វកិច្ចអន្តរជាតិ ត្រូវបានគេយល់ឃើញថាជាវិធានការប្រុងប្រយ័ត្នតែប៉ុណ្ណោះ។ Jurrien Timber ត្រូវអវត្តមានពេញមួយរដូវកាលដោយសាររបួស ACL ខណៈ Gabriel Martinelli បានអវត្តមានពីរប្រកួតកន្លងមករបស់ Arsenal ដោយសាររបួសជើង។
ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយនៅគ្រប់កម្មវិធីប្រកួតទាំងអស់ Man City ឈ្នះ ៣ ដង Arsenal ឈ្នះម្ដង និងស្មើគ្នាម្ដង។ ប្រកួតចុងក្រោយ Arsenal ឈ្នះ Man City ១-០ ។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖
Stefan Ortega, Rico Lewis, Ruben Dias, Josko Gvardiol, Nathan Ake, Rodri, Mateo Kovacic, Bernardo Silva, Phil Foden, Kevin De Bruyne, Erling Haaland
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Arsenal ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
David Raya, Ben White, William Saliba, Gabriel, Kiwior, Declan Rice, Jorginho, Martin Odegaard, Gabriel Jesus, Kai Havertz, Bukayo Saka
CBS Sports ទស្សន៍ទាយថាលទ្ធផលរវាងក្រុមទាំងពីរគឺ Man City ២-២ Arsenal ៕
ការផ្សាយបន្តផ្ទាល់សម្រាប់ការប្រកួត Premier League នៅសប្តាហ៍ទី 30 ចុងសប្ដាហ៍នេះ៖
Newcastle vs West Ham I សៅរ៍ 30 មីនា ម៉ោង 07:25 នាទីយប់ នៅ CNC
Chelsea vs Burnley I សៅរ៍ 30 មីនា ម៉ោង 09:55 នាទីយប់ នៅ MyTV
Liverpool vs Brighton I អាទិត្យ 31 មីនា ម៉ោង 07:55 នាទីយប់ នៅ CTN
Man City vs Arsenal I អាទិត្យ 31 មីនា ម៉ោង 10:25 នាទីយប់ នៅ MyTV