×

Liverpool សម្លឹងមើលបេក្ខភាពផ្សេងទៀតក្រោយលោក Xabi Alonso នឹងបន្តនៅ Bayer Leverkusen

ក្លិប Liverpool រំពឹងថា លោក Xabi Alonso នឹងបន្តនៅ Bayer Leverkusen រដូវកាលក្រោយ ស្របពេលក្លិប នឹងពិចារណាបេក្ខជនផ្សេងទៀតដើម្បីជំនួសតំណែង លោក Jurgen Klopp។

លោក Xabi Alonso អតីតខ្សែបម្រើ Liverpool បានបង្ហាញភាពភ្ញាក់ផ្អើលតាមរយៈការដឹកនាំ Bayer Leverkusen មិនទាន់ស្គាល់ចាញ់សោះនៅរដូវកាលនេះ និងមានភាគរយខ្ពស់ដើម្បីគ្រងជើងឯក Bundesliga។

បុរសជនជាតិអេស្ប៉ាញ វ័យ ៤២ឆ្នាំ ធ្លាប់ត្រូវបានផ្សារភ្ជាប់ទៅព័ត៌មានជាច្រើនកន្លងមក ថានឹងអាចចូលកាន់តំណែងនៅ Liverpool បន្ទាប់ពីលោក Jurgen Klopp បានប្រកាសថានឹងចុះចេញពីតំណែងក្រោយបញ្ចប់រដូវកាល ២០២៣-២៤។

ក្លិប Leverkusen កំពុងនាំមុខកំពូលតារាងលីគកំពូលអាល្លឺម៉ង់ និងសម្លឹងការឈ្នះជើងឯកលើកដំបូងក្នុងប្រវតិ្តសាស្ត្រ ក៏ចង់បន្តដំណើរជាមួយនឹងលោក Alonso ដល់រដូវកាលក្រោយទៀត។

ទន្ទឹមនឹងការប្តូរចិត្តវិញរបស់ Liverpool ដោយឡែកប្រធានកិត្តិយសរបស់ក្លិប Bayern Munich លោក Uli Hoeness បានអះអាងថា ការចង់បាន Alonso ប្រហែលជារឿងមិនអាចទៅរួចទេ។ សម្រាប់ Bayern Munich លោក Alonso ក៏ជាបេក្ខភាពមួយរូបដែលនឹងអាចជំនួសតំណែងនៅក្លិប ក្រោយពេលការចាកចេញរបស់លោក Thomas Tuchel ក្រោយចប់រដូវកាលនេះ។

Alonso ធ្លាប់រួមរស់ជាមួយ Liverpool ពីឆ្នាំ ២០០៤ ដល់ ២០០៩ ដោយបង្ហាញខ្លួន ២១០ប្រកួត។ បន្ទាប់មក Alonso បានផ្លាស់ទៅលេងឱ្យក្លិប Real Madrid មុនបន្តទៅចូលរួម Bayern Munich ដែលជាកន្លែងលោកធ្លាប់បង្ហាញខ្លួន ៣រដូវកាល មុនចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់។

រដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Alonso ក្លិប Bayer Leverkusen បន្តនាំមុខដាច់ ១៣ពិន្ទុ ពីក្រុមការពារជើងឯក Bayern Munich ខណៈការប្រកួត Bundesliga នៅសល់ ៧ ប្រកួត ប៉ុណ្ណោះ។ Bayer Leverkusen ក៏នៅមានពានរង្វាន់ចំនួន ២ផ្សេងទៀត ត្រូវប្រជែងរួមមានវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន German Cup និងវគ្គ ៨ក្រុមចុងក្រោយ Europa League។

តំណែងបន្តពីលោក Klopp នៅក្លិប Liverpool ត្រូវបានគេមើលឃើញថាលោក Ruben Amorim គ្រូបង្វឹក Sporting Lisbon និងលោក Roberto de Zerbi គ្រូបង្វឹករបស់ Brighton កំពុងក្លាយជាបេក្ខភាពឈានមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង