×

ខ្សែបម្រើ Sandro Tonali របស់ Newcastle United ត្រូវបាន FA ចោទប្រកាន់ពីបទបំពានច្បាប់ល្បែងភ្នាល់

ខ្សែបម្រើ Sandro Tonali ក្រុម Newcastle United ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ល្បែងភ្នាល់របស់សមាគមបាល់ទាត់អង់គ្លេស FA ចំនួន ៥០ករណី។

កីឡាករ វ័យ ២៣ឆ្នាំ បច្ចុប្បន្នកំពុងតែជាប់បម្រាមពីសកម្មភាពបាល់ទាត់រយៈពេល ១០ខែ ពី សហព័ន្ធបាល់ទាត់អ៊ីតាលី FIGC តាំងពីខែតុលា ឆ្នាំ ២០២៣ ចំពោះការបំពានច្បាប់ភ្នាល់នៅក្នុងប្រទេសអ៊ីតាលី។

ចំណែកក្នុងប្រទេសអង់គ្លេសវិញ រូបគេ បានបំពានច្បាប់ E8 ចំនួន ៥០ករណី នៃច្បាប់ភ្នាល់ខុសច្បាប់ ដែលកើតឡើងពីចន្លោះថ្ងៃទី១២ ខែសីហា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។ FA បានផ្តល់ពេលវេលាសម្រាប់ Tonali ក្នុងការឆ្លើយតបរហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។

កាលពីខែតុលា ឆ្នាំ ២០២៣ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានប្រកាសថា Tonali នឹងខកខានការប្រកួតពេញមួយរដូវកាល នៅសល់សម្រាប់ក្រុម Newcastle United និងក្រុមជម្រើសជាតិអ៊ីតាលី បន្ទាប់ពីសហព័ន្ធអន្តរជាតិ FIFA ផ្តល់សច្ចាប័នលើការហាមឃាត់រយៈពេល ១០ខែ ដល់អាជ្ញាធរបាល់ទាត់អ៊ីតាលី ចោទប្រកាន់លើ Tonali ពីបទបំពានច្បាប់ភ្នាល់។ បន្ទាប់ពីហាមឃាត់ ១០ឆ្នាំ Tonali ក៏ត្រូវបានពិន័យជាប្រាក់ ២០,០០០អឺរ៉ូ ។

Sandro Tonali ក៏ត្រូវបាន FIGC តម្រូវឱ្យធ្វើសកម្មភាពសង្គមនានា រយៈពេល ៨ខែ ដើម្បីកែប្រែកំហុសរបស់គេ ពីរឿងរ៉ាវនៃការភ្នាល់ខុសច្បាប់។

ក្រោយការប្រកាសរបស់ FA ក្លិប Newcastle ក៏បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន ទទួលស្គាល់ចំពោះការចោទប្រកាន់ ទៅលើបញ្ហារបស់ Tonali។

ក្លិប Newcastle United ឱ្យដឹងថា ពួកគេទទួលស្គាល់ចំពោះការចោទប្រកាន់ខុសច្បាប់ដែលទទួលបានដោយ Santro Tonali ទាក់ទងនឹងការរំលោភច្បាប់ភ្នាល់ FA។ Sandro បន្តអនុវត្តតាមការស៊ើបអង្កេត ដែលពាក់ព័ន្ធយ៉ាងពេញលេញ ហើយគេនៅតែរក្សាការគាំទ្រពេញលេញរបស់ក្លិប។

ដោយសារតែដំណឹងការដែលកំពុងដំណើរការនេះ Sandro និង Newcastle United មិនអាចផ្តល់ការអត្ថាធិប្បាយបន្ថែមបានទេ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង