នាយកក្លិប Bayern Munich លោក Max Eberl បានចេញមុខធ្វើការបដិសេធថា ក្លិបរបស់លោកមិនបានទាក់ទងជាមួយអតីតគ្រូបង្វឹក Manchester United លោក Ralf Rangnick ជុំវិញការមកទទួលតំណែងជាគ្រូបង្វឹកនៅរដូវកាលក្រោយនោះឡើយ។
ជាការពិតណាស់ក្លិបយក្សអាល្លឺម៉ង់នេះ កំពុងស្ថិតនៅក្នុងការស្វែងរកគ្រូបង្វឹកថ្មី បន្ទាប់ពីលោក Thomas Tuchel បានប្រកាសថាលោកនឹងចាកចេញពីក្លិបនៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីការចាញ់ក្រុម Bochum កាលពីខែមុន។
ជុំវិញស្ថានភាពនេះ កាលពីដើមសប្តាហ៍នេះ សារព័ត៌មានរបស់អាល្លឺម៉ង់ Kicker បាននិយាយថា Bayern Munich កំពុងសម្លឹងរកមើលឱកាសក្នុងការនាំយកអតីតគ្រូបង្វឹក Manchester United លោក Rangnick មកធ្វើជាគ្រូបង្វឹកថ្មីរបស់ពួកគេ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅពេលត្រូវបានសួរនាំអំពីទំនាក់ទំនងនេះ លោក Eberl បានបង្ហាញថា៖ “ ខ្ញុំនឹងមិនបញ្ចេញមតិលើឈ្មោះអ្វីទេ។ យើងមានជម្រើស ហើយយើងមានគំនិតច្បាស់លាស់។ តាំងពីដើមមក ខ្ញុំមិនបានធ្វើអត្ថាធិប្បាយលើឈ្មោះគ្រូបង្វឹកណាមួយទេ ហើយខ្ញុំនឹងនៅតែមិននិយាយអ្វីផងដែរក្នុងពេលឥឡូវនេះ។ ជាពិសេសសំណួរពាក់ព័ន្ធជាមួយ Ralf Rangnick, Antonio Conte និងគ្រូបង្វឹកផ្សេងទៀតជាដើម។”
ដោយឡែក បច្ចុប្បន្ន Bayern Munich ហាក់ខើចឱកាសក្នុងការប្រជែងការពារតំណែងជើងឯមករបស់ខ្លួន ដោយពួកគេមាន ៦០ពិន្ទុ ឈរលេខ២ តាមពីក្រោយក្រុមកំពូលតារាង Bayer Leverkusen ដល់ទៅ ១៣ពិន្ទុ ខណៈការប្រកួតនៅសល់ ៧សប្តាហ៍ទៀត។ ការប្រកួតជាបន្តរបស់ពួកគេ នឹងត្រូវធ្វើដំណើរទៅប៉ះ ក្រុម Heidenheim នៅចុងសប្តាហ៍នេះ៕