បើតាមការវិភាគពីអ្នកជំនាញកីឡានៅពេលថ្មីៗនេះបានឱ្យដឹងថា Manchester United នឹងធ្វើឱ្យមានការខឹងសម្បារពីគូប្រជែង កាន់តែច្រើនថែមទៀត ដោយសារទង្វើរបស់លោក Jim Ratcliffe ដែលជាម្ចាស់ភាគហ៊ុនមួយចំណែកថ្មី តែមានសិទ្ធិក្នុងការធ្វើការងារជាច្រើនក្នុងក្លិបរហស្សនាមបិសាចក្រហម។
មហាសេដ្ឋីអង់គ្លេស លោក Jim Ratcliffe និងក្រុម Ineos Sport របស់លោក បានធ្វើឱ្យក្លិប Newcastle United និង Southampton មានការខឹងសម្បារចំពោះការខិតជិតរបស់ពួកគេក្នុងការទាក់ទងយកនាយកីឡាបាល់ទាត់លោក Dan Ashworth និង Jason Wilcox បន្ទាប់ពីការតាមយកនាយកប្រតិបត្តិលោក Omar Berrada ពី Man City ។
អ្នកវិភាគបានបង្ហាញនូវការយល់ឃើញថា ក្លិបផ្សេងទៀតក៏មិនសប្បាយចិត្តចំពោះរបៀបដែលលោក Jim Ratcliffe កំពុងតែប្រើប្រាស់ តាមរយៈការចំណាយប្រាក់ និង ការផ្តល់មុខងារសំខាន់ៗ ឱ្យបុគ្គលិកថ្មីដែលលោកត្រូវការ។
ការប៉ុនប៉ងរបស់ Man UTD បានធ្វើឱ្យក្លិប Newcastle United មានការខឹងសម្បារ និងធ្វើការសាកសួរលោក Dan Ashworth អំពីការលេចធ្លាយពត៌មាននៃការចង់ផ្លាស់រូបលោកទៅកាន់ទឹកដី Old Trafford កាលពីខែកុម្ភៈ។
ក្នុងរយៈពេលចុងក្រោយនេះ ក្លិប Southampton ក៏កំពុងមានការរំជើបរំជួលដែរ ដោយសារការលាលែងពីតំណែងរបស់នាយកបាល់ទាត់លោក Jason Wilcox និងត្រូវបានផ្តល់តំណែងជាន់ខ្ពស់ដល់រូបលោកនៅក្លិប Man UTD ផងដែរ។ លោក Jason Wilcox ធ្លាប់រួមការងារជាមួយលោក Omar Berrada នៅក្លិប Man City ។
យ៉ាងណាមិញ ក្លិប Man UTD ហាក់ដូចជាមិនបានចាប់អារម្មណ៍ចំពោះការខឹងសម្បារពីក្លិបទាំងនោះទេ ចំពោះការអូសទាញសមាជិកបុគ្គលិករបស់ពួកគេឱ្យចាកចេញ ហើយទង្វើនេះនឹងធ្វើឱ្យ Man UTD មានគូប្រជែងកាន់តែច្រើនទាំងការប្រកួតនៅលើទីលាន និងខាងផ្នែករដ្ឋបាលផងដែរ៕