ល្បែងទាញព្រ័ត្រ ជាល្បែងប្រជាប្រិយមួយរបស់ខ្មែរ ត្រូវបានគេនិយមលេងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយល្បែងនេះត្រូវបានអង្គការយូណេស្កូ (UNESCO) បញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបិយរបស់មនុស្សជាតិកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។
កីឡានេះ ត្រូវបានក្លាយជាផ្នែកមួយរបស់ព្រឹត្តិការណ៍កីឡាអូឡាំពិក ពីឆ្នាំ១៩២០ ដល់ ១៩២០ និងព្រឹត្តិការណ៍ World Games ។ សហព័ន្ធកីឡាទាញព្រ័ត្រអន្តរជាតិ គឺជាស្ថាប័នដែលរៀបចំការប្រកួតពិភពលោកសម្រាប់ប្រទេសនានារៀងរាល ២ឆ្នាំម្ដង។ នៅក្នុងប្រទេសកម្ពុជា សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាដែលមានឯកឧត្តមបណ្ឌិត មាស សារិន ជាប្រធាន បានរៀបចំការប្រកួតថ្នាក់ជាតិ និងនាំកីឡាករកីឡាការិនីចេញទៅប្រកួតនៅក្រៅប្រទេសផងដែរ។
យោងតាមសៀវភៅល្បែងប្រជាប្រិយខ្មែរនៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យបានបញ្ជាក់ឱ្យដឹងថា ល្បែងទាញព្រ័ត្រនេះមានលេងនៅទូទាំងប្រទេស ហើយគេលេងតែក្នុងពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
សមាសភាពអ្នកលេងល្បែងនេះគឺគេត្រូវបែងចែកជា២ក្រុម ដោយក្រុមម្ខាងៗមានអ្នកលេងយ៉ាងតិច៥នាក់ ឬចាប់ពី១០នាក់ឡើងទៅ។ តាមទម្លាប់ជាក់ស្ដែង អ្នកស្រុកដែលនិយមល្បែងនេះថា បើមានមនុស្សស្រីចូលលេងផង គេតែងបែងចែកឱ្យស្រីៗនៅម្ខាង ប្រុសៗនៅម្ខាង ហើយគេយល់ថាភេទស្រីតែងមានកម្លាំងខ្សោយជាងបុរស គេតែងដាក់ខាងស្រីឱ្យមានចំនួនច្រើនលើសចំនួនខាងប្រុសយ៉ាងតិចត្រឹម២នាក់ជានិច្ច។
ចំពោះអត្ថន័យនៃល្បែងនេះវិញត្រូវបានអ្នកប្រវត្តិសាស្ត្រថា បុព្វបុរសខ្មែរបានបង្កើតល្បែងប្រជាប្រិយនេះឡើងសម្រាប់ជាការកម្សាន្តសប្បាយផង និងបង្កប់អត្ថន័យអប់រំ ផ្សព្វផ្សាយពីអត្តសញ្ញាណជាតិខ្មែរផង។ រីឯតាមអ្នកស្រាវជ្រាវពីសិល្បៈទំនៀមទម្លាប់ខ្មែរបានបញ្ជាក់បន្ថែមថា ល្បែងទាញព្រ័ត្រអាចក្លាយពីរឿងរ៉ាវក្នុងទេវកថា កូរសមុទ្រទឹកដោះ ដែលជារឿងក្នុងព្រហ្មញ្ញសាសនា ដែលខ្មែរទទួលឥទ្ធិពលពីឥណ្ឌា។
យោងតាមប្រភពពីបរទេស ល្បែងទាញព្រ័ត្រ គឺមានប្រភពកមពីប្រទេសកម្ពុជា អេហ្ស៊ីបបុរាណ ក្រិក ឥណ្ឌា និងចិន។ យ៉ាងណាមិញ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើង មានការលេងល្បែងទាញព្រ័ត្រផងដែរ ជាក់ស្ដែងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ល្បែងនេះគេហៅថា Lun Hswe ដែលគេប្រារព្ធពេលពិធីសុំទឹកភ្លៀង នាសម័យរបស់ស្ដេច Shinmahti ។
ដោយឡែកនៅប្រទេសឥណ្ឌូណេស៊ី វាត្រូវបានគេហៅថា Tamrik Tambang ជាកីឡាដ៏ពេញនិយមមួយ ក្នុងពិធីធំៗ ពិសេសទិវាបុណ្យឯករាជ្យជាតិរបស់ឥណ្ឌូណេស៊ី។