Arsenal កំពុងឈរនៅលើកំពូលតារាងនៃក្របខណ្ឌ Premier League ដោយនៅសល់តែ ៧ ប្រកួតប៉ុណ្ណោះ ខណៈក្រុម Liverpool ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ដោយមានគ្រាប់បាល់ចំណេញតិចជាងក្រុមកាំភ្លើងធំ។ ស្របពេលជាមួយគ្នានេះ Manchester City មានគម្លាត១ពិន្ទុពីក្រុមទាំងពីរ។
Liverpool បានបាត់បង់ឱកាសឡើងទៅឈរលើកំពូលតារាង ក្រោយបញ្ចប់លទ្ធផលស្មើ ២-២ ជាមួយក្រុម Manchester United នៅកីឡដ្ឋាន Old Trafford កាលពីថ្ងៃអាទិត្យ។
Luis Diaz បានធ្វើឱ្យហង្សក្រហមនាំមុខមុន ១-០ ក្នុងវគ្គទីមួយ។ បន្ទាប់ពីចូលវគ្គទីពីរ Bruno Fernandes បានតាមស្មើ មុនពេល Kobbie Mainoo បានស៊ុតបញ្ចូលទីឱ្យ Man Utd នាំមុខ ២-១។ ការស៊ុតបាល់ប៉េណាល់ទីចុងម៉ោងរបស់ Mohamed Salah បានជួយឱ្យ Liverpool យកបានត្រឹមតែ ១ពិន្ទុប៉ុណ្ណោះ។
ទោះជាយ៉ាងណា Man Utd នឹងប្រកួតជាមួយ Arsenal នៅកីឡដ្ឋាន Old Trafford ក្នុងការប្រកួតសប្ដាហ៍ទី៣៧ មុនប៉ះក្រុម Everton នៅថ្ងៃចុងក្រោយនៃរដូវកាលនេះ។ Liverpool នៅតែស្ថិតក្នុងការប្រជែងពានរង្វាន់ ដែលធ្វើឱ្យលោក Jurgen Klopp បាននិយាយថា United មិនអាចយកឈ្នះក្រុមរបស់ Mikel Arteta បានទេ បើសិនជាក្រុមបិសាចក្រហមលេងរបៀបនេះ។
លោកបានឱ្យដឹងថា៖ “Arsenal ជាក្រុមដ៏ល្អមួយ ដូច្នេះបើ United លេងដូចថ្ងៃនេះ Arsenal នឹងឈ្នះការប្រកួតនោះ ខ្ញុំច្បាស់ ១០០ភាគរយ។ ខ្ញុំសូមទោស តែវាជាការពិត។”
ទោះផ្លូវនៅវែងឆ្ងាយ តែមើលការប្រកួតដែលនៅសល់របស់ Arsenal, Liverpool និង Man City គឺក្រុមរបស់លោក Pep Guadiola ងាយស្រួលជាងគេ។ សម្រាប់ការប្រកួតនៅសល់របស់ Arsenal គឺជួប Aston Villa, Wolves, Chelsea, Spurs, Bournemouth, Man Utd និង Everton ។ រីឯ Liverpool នៅសល់ការប្រកួតទល់នឹង Crystal Palace, Fulham, Everton, West Ham, Spurs, Aston Villa និង Wolves។ ចំណែក Man City មានការប្រកួតជាមួយ Luton, Spurs, Brighton, Nottingham, Wolves, Fulham, និង West Ham ៕