លោក Mauricio Pochettino អ្នកចាត់ការក្រុម Chelsea បាននិយាយថា ក្រុមរបស់គាត់ខ្វះភាពចាស់ទុំ ក្នុងការប្រកួតរៀងរាល់៣ថ្ងៃម្តងក្នុងក្របខណ្ឌ Premier League បន្ទាប់ពីពួកគេស្មើ Sheffield United ក្នុងលទ្ធផល ២-២ ។
Chelsea ដែលបានយកឈ្នះ Manchester United ក្នុងលទ្ធផល ៤-៣ កាលពីពាក់កណ្ដាលសប្ដាហ៍ បានបើកការស៊ុតបាល់បញ្ចូលទីនៅ Bramall Lane តាមរយៈ Thiago Silva ប៉ុន្តែត្រូវបានគេវាយបកតាមស្មើ ដោយJayden Bogle នៅវគ្គទីមួយ។
Noni Madueke បានស្ដារការនាំមុខរបស់ Chelsea នៅនាទីទី៦៦ មុនពេលខ្សែប្រយុទ្ធ Ollie McBurnie តាមស្មើក្នុងម៉ោងបន្ថែម។
Chelsea ក៏បានបាត់បង់ពិនន្ទុ ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Burnley ដែលស្ថិតនៅតំបន់កាត់ចោល កាលពីខែមីនា ហើយលោក Pochettino បាននិយាយថា ការប្រកួតមានភាពមមាញឹកខ្លាំងពេក។
លោក Pochettino បាននិយាយថា៖ “ពិតណាស់ ពួកគេបានហត់នឿយ ប៉ុន្តែនោះមិនមែនជាលេសទេ ដែលមិនអាចឈ្នះការប្រកួត។
ក្នុងវ័យ ៥២ ឆ្នាំ ខ្ញុំអាចមើលឃើញថា តើក្រុមបានត្រៀមខ្លួនរួចរាល់សម្រាប់ប្រកួតប្រជែងឬអត់។
ប្រហែលជាដោយសារក្រុមនេះមិនទាន់មានភាពចាស់ទុំគ្រប់គ្រាន់ក្នុងការប្រកួតនីមួយៗ រៀងរាល់៣ថ្ងៃម្តង ព្រោះដូចអ្នកនិយាយថា Sheffield ស្ថិតនៅក្នុងតំបន់កាត់ចោល។ ខ្ញុំមិនមែននិយាយថាយើងមិនគោរពទេ ប៉ុន្តែពួកយើងត្រូវគិតបន្តិច។”
Chelsea ដែលឈរនៅលេខរៀងទី៩ នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Everton ក្នុងលីគ មុនពេលប្រកួតជាមួយ Manchester City ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ FA Cup នៅថ្ងៃទី ២០ ខែមេសា៕