×

Everton ត្រូវបាន Premier League កាត់ពិន្ទសាជាថ្មី

ក្លិប Everton ត្រូវបានកាត់២ពិន្ទុសម្រាប់ការបំពានមួយទៀតនៃច្បាប់ស្តីពីផលចំណេញ និងនិរន្តរភាព PSR របស់ក្របខណ្ឌ Premier League ។

មុនការកាត់ពិន្ទុ ត្រូវបានប្រកាស Everton ឈរនៅលេខរៀងទី ១៥ ក្នុងតារាង Premier League មាន ៤ ពិន្ទុលើសក្រុមបាតតារាងចំនួន ៣ពិន្ទុ តែឥឡូវនេះ ពួកគេបានធ្លាក់ទៅចំណាត់ថ្នាក់ទី ១៦ មាន ២៧ ពិន្ទុ លើតំបន់កាន់ចោលតែ២ពិន្ទុ។

សេចក្តីថ្លែងការណ៍ពីគណៈកម្មការឯករាជ្យដែលគ្រប់គ្រងករណីនេះ បានឱ្យដឹងថា ក្លិប Everton បានបំពានលើសការចំណាយចំនួន ១៦,៦ លានផោន ខណការអនុញ្ញាតឱ្យពួកគេខាតបង់មានចំនួនត្រឹម ១០៥ លានផោនក្នុងរយៈពេល៣រដូវកាល។

ដំបូងឡើយ ស្ថាប័ន Premier League និងគណៈកម្មាការគ្រប់គ្រង ចង់ពិន័យដកចំនួន ៥ ពិន្ទុលើក្លិប Everton ប៉ុន្តែវាត្រូវបានកាត់បន្ថយមកត្រឹម ២ ដោយសារកត្តាអនុគ្រោះ។

ទោះយ៉ាងណា Everton បាននិយាយថា ក្លិបនិងក្រុមច្បាប់ បានចាប់ផ្តើមរៀបចំដើម្បីប្តឹងឧទ្ធរណ៍ការសម្រេចចិត្តនេះ ដែលរយៈពេលនៃការតវ៉ាមានដល់ថ្ងៃទី២៥ ខែឧសភា ដែលជាសប្តាហ៍បន្ទាប់ពីបញ្ចប់ Premier League រដូវកាល នេះ។

វាជាការពិន័យសាជាថ្មីទៅលើ Everton បន្ទាប់ពីពួកគេត្រូវកាត់ចេញ ១០ ពិន្ទុ នៅក្នុងខែវិច្ឆិកា សម្រាប់ការខាតបង់លើសពីការអនុញ្ញាតចំនួន ១៩,៥ លានផោនក្នុង រដូវកាល ២០២១-២២ ។ យ៉ាងណា ទណ្ឌកម្មបន្ថយមកត្រឹម ៦ ពិន្ទុបន្ទាប់ពីការប្តឹងតវ៉ាដោយជោគជ័យ។

Everton ត្រូវបានចោទប្រកាន់ម្តងទៀតក្នុងខែមករា រួមជាមួយនឹង Nottingham Forest ពីបទបំពានច្បាប់ PSR ក្នុងរយៈពេលបញ្ចប់រដូវកាល ២០២២-២៣ ។ Forest ត្រូវបានកាត់ចេញចំនួន៤ពិន្ទុ ហើយបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចនេះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង