
ខ្សែប្រយុទ្ធ Timo Werner បាននិយាយថា រូបគេពេញចិត្តនឹងនៅបន្តលេងឱ្យក្លិប Tottenham Hotspur តទៀត ខណៈកុងត្រាខ្ចីជើងពីក្លិប RB Leipzig នឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។
Werner ជាកីឡាកររបស់ Leipzig ដែលត្រូវបាន Spurs ខ្ចីជើងកាលពីដើមឆ្នាំ២០២៤នេះ ជាមួយនឹងលក្ខខណ្ឌដែលអាចមានសិទ្ធិទិញយកបានក្នុងតម្លៃ ១៧លានអ៊ឺរ៉ូ។
ក្រោយមកលេងនៅទីនេះបានជាង៣ខែ Werner ក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ ” ខ្ញុំពិតជាពេញចិត្តនឹងលេងនៅទីនេះខ្លាំងមែនទែន។ ពេញចិត្តជាមួយការលេងជាមួយក្រុមមួយនេះ មិត្តរួមក្រុម និងទីលានមួយនេះ។ ខ្ញុំពិតជាស្រលាញ់ទីនេះណាស់”។
កីឡាករវ័យ២៨ឆ្នាំ ធ្លាប់មានឈ្មោះបោះសំឡេងខ្លាំងកាលពីនៅលេងឱ្យក្លិប Leipzig កាលពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ដោយកាលពីគេចូលលេងការប្រកួតសរុប ១៥៩ប្រកួតនិងស៊ុតចូល ៩៥គ្រាប់។
បន្ទាប់មករូបគេក៏ផ្លាស់ទៅកាន់ក្លិប Chelsea ពីឆ្នាំ២០២០-២០២២ ប៉ុន្តែក្នុងពេលកំឡុងពេលលេងឱ្យក្លិបតោខៀវ រូបគេមិនទទួលបានលទ្ធផលល្អនោះទេ ព្រោះតែគេមានបញ្ហាខ្លាំងក្នុងការបញ្ចប់ទី ក្រោយមកគេក៏បានផ្លាស់ទៅកាន់ RB Lepzig វិញហើយក៏ត្រូវបាន Spurs ខ្ចីជើងក្នុងឆ្នាំនេះ។
រយៈពេលជិត៣ខែកន្លងទៅនេះ Timo Werner បានបង្ហាញខ្លួនឱ្យ Spurs បាន១២ប្រកួតហើយដោយស៊ុតចូលបាន២គ្រាប់។ នៅខណៈនេះ រូបគេរង់ចាំឱ្យ Tottenham Hotspur សម្រេចចិត្តក្នុងនាំយកគេជាកីឡាករពេញសិទ្ធិក្នុងរដូវកាលខាងមុខ៕