ខ្សែបម្រើ Rodrigo Hernandez បានថា មកពីបញ្ហាស្មៅនាទីលាន Santiago Bernabeu ទើប ក្រុម Man City របស់គេបានត្រឹមលទ្ធផលស្មើគ្នា ៣-៣ ទល់នឹងក្រុមម្ចាស់ផ្ទះ Real Madrid ក្នុងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League ។
ជាការពិត ការប្រកួតដែលធ្វើឡើង កាលពីយប់មិញ ក្រុម Man City និង Real Madrid បានធ្វើការវាយសម្រុកដាក់គ្នា យ៉ាងខ្លាំងក្លា ប៉ុន្តែកែលបាល់បានតែ២នាទី Bernardo Silva បានរកគ្រាប់បាល់បើកឆាកឱ្យក្រុមភ្ញៀវ ប៉ុន្តែនាទី១២ Rúben Dias បានភ្លាត់ឱ្យបាល់ចូលទីខ្លួនឯង ធ្វើឱ្យក្រុមម្ចាស់ផ្ទះមានឱកាសតាមស្មើ។ ២នាទីរំលងពីនោះ Rodrygo បានរកគ្រាប់បាល់ឱ្យ Real Madrid នាំមុខ Man City ២-១ មុនចប់វគ្គទី១។
ចូលដល់វគ្គទី២ Phil Foden បានរកគ្រាប់បាល់នៅនាទី៦៦ និង Joško Gvardiol រកគ្រាប់បាល់នៅនាទី៧១ ធ្វើឱ្យក្រុម Man City នាំមុខវិញ ប៉ុន្តែនាទី៧៩ Federico Valverde បានរកគ្រាប់បាល់ឱ្យ Real Madrid តាមស្មើដោយលទ្ធផល ៣-៣ ដោយវាបានរក្សារហូតដល់ចប់ការប្រកួត។
ទោះយ៉ាងណា ក្រោយពីបញ្ចប់ការប្រកួត ខ្សែបម្រើ Rodrigo Hernandez បានលើកឡើងថា ក្រុម Man City មានឱកាសល្អៗជាច្រើន ប៉ុន្តែត្រូវខកខានទៅវិញ ដោយសារបញ្ហាស្មៅលើទីលាន Santiago Bernabeu មិនមានភាពល្អគ្រប់គ្រាន់។
កីឡាករវ័យ២៧ឆ្នាំ បានថ្លែងដូច្នេះថា៖ “អត់ទេ ស្មៅនាទីលាននេះ មិនស្ថិតក្នុងស្ថានភាពល្អទេ ហើយវាមិនផ្តល់អត្ថប្រយោជន៍ដល់ពួកយើងទេ។ គូប្រជែងរបស់យើងប្រហែលជា ទម្លាប់នឹងការលេងក្នុងស្ថានភាពបែបនេះ តែវាមិនសម្រាប់ពួកយើងទេ អ៊ីចឹងទើបយើងមានផលវិបាកច្រើន។ ខ្ញុំលើកឡើងនេះ មិនចង់ដោះសារអ្វីទេ ប៉ុន្តែស្មៅវាពិតជាមិនល្អមែន។”
សូមបញ្ជាក់ថា ក្រុមទាំង២នឹងបន្តជួបគ្នា នៅក្នុងការប្រកួតជើងទី២ទៀត ដែលធ្វើឡើងនាកីឡដ្ឋាន Etihad របស់ Man City វិញ ដែលការប្រកួតធ្វើឡើងនាថ្ងៃទី ១៧ ខែមេសាខាងមុខ៕