សារព័ត៌មាន Sky Germany បានធ្វើការរាយការណ៍ថា គ្រូបង្វឹក Sporting Lisbon លោក Ruben Amorim បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Liverpool ដើម្បីទៅស្នើកាន់តំណែងបន្តពីលោក Jurgen Klopp នៅរដូវកាលក្រោយ។
ជាក់ស្តែងបុរសវ័យ ៣៩ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងបង្ហាញភាពលេចធ្លោខ្លាំង និងកំពុងទទួលបានការចាប់អារម្មណ៍ពីក្លិបជាច្រើននៅតំបន់អឺរ៉ុប ដោយបានដឹកនាំ Sporting ឱ្យឈ្នះពានរង្វាន់ធំៗជាច្រើនរួចមកហើយ ក្នុងអំឡុងពេលរបស់លោកនៅរដ្ឋធានីរបស់ប្រទេសព័រទុយហ្គាល់។
លោក Amorim បានធ្វើការពិភាក្សា និងមានផលវិជ្ជមានជាបន្តបន្ទាប់ជាមួយក្រុមប្រឹក្សាភិបាលរបស់ Liverpool ហើយឥឡូវនេះបានឈានដល់ការយល់ព្រមលើកិច្ចព្រមព្រៀងជាគោលមួយ ក្នុងការដឹកនាំក្រុមអង់គ្លេស នៅរដូវក្តៅខាងមុខនេះ។
ប្រភពដដែលនេះ បានអះអាងទៀតផងដែរថា កិច្ចព្រមព្រៀងខាងលើនេះ គឺមានរយៈពេល ៣ ឆ្នាំ ដែលអាចនឹងឃើញលោក Amroim បន្តស្នាក់នៅទឹកដី Anfield រហូតដល់រដូវកាលឆ្នាំ២០២៧ ឯណោះ។
សម្រាប់លោក Jurgen Klopp នឹងចាកចេញពីតំណែងនៅ Liverpool ក្រោយចប់រដូវកាលនេះ បន្ទាប់ពីលោកបានមករួមរស់ជាមួយក្លិបរហស្សនាមហង្សក្រហម តាំងពីឆ្នាំ២០១៥ និងបានជួយក្លិបឈ្នះពានរង្វាន់ Champions League, Premier League, Club World Cup, FA Cup, League Cup. Super Cup, និង Community Shield ផងដែរ៕