×

ការប្រកួត UEFA Champions League ធ្វើឡើងទាំងបារម្ភ ព្រោះការគំរាមពី ក្រុម ISIS

ការប្រកួតជើងទី១ វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ UEFA Champions League ត្រូវលេងក្រោមការការពារយ៉ាងតឹងរ៉ឹងជាទីបំផុតពីកងសន្តិសុខ និងកម្លាំងប៉ូលិស បន្ទាប់ពីក្រុមរដ្ឋឥស្លាម ISIS បានផ្សព្វផ្សាយការគំរាមកំហែងប្រឆាំងនឹងកីឡដ្ឋានរៀបចំការប្រកួតទាំងអស់ ធ្វើឱ្យទាំងនៅប្រទេសបារាំង និងអេស្ប៉ាញបានបញ្ជាក់ពីការពង្រឹងវិធានការសន្តិសុខ។

រឿងដ៏ភ្ញាក់ផ្អើលបានកើតឡើង ក្រោយបណ្ដាញផ្សព្វផ្សាយគាំទ្រក្រុមរដ្ឋឥស្លាមអាយស៊ីស បានផ្សព្វផ្សាយរូបភាពជាច្រើននៃបណ្ដាកីឡដ្ឋាន ដែលរៀបចំការប្រកួតវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ដោយភ្ជាប់ជាមួយនឹងសំណេរថា សម្លាប់ពួកគេទាំងអស់។

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានប្រកាសថា ខ្លួនបានដឹងពីការគំរាមកំហែង ប៉ុន្តែការប្រកួតជើងទី១ ដែលឡើងនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ទីក្រុងប៉ារីស ប្រទេសបារាំង និងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នៅតែត្រូវដំណើរការតាមការគ្រោងទុកដដែល។

យ៉ាងណា វិធានការសន្តិសុខ នឹងត្រូវពង្រឹងយ៉ាងខ្លាំងជាពិសេស នៅកីឡដ្ឋាន Parc des Princes របស់ក្រុម Paris Saint-Germain ក្នុងការប្រកួតទល់នឹង Barcelona។ រីឯ កម្រិតប្រកាសអាសន្នអំពីភេរវករនៅក្នុងប្រទេសអេស្ប៉ាញ ស្ថិតនៅកម្រិត ៤ ក្នុងចំណោម ៥ ដែលត្រូវបានចាត់ថ្នាក់ជាហានិភ័យខ្ពស់ ខណៈកងកម្លាំងសន្តិសុខ និងក្រុមស៊ើបការណ៍សម្ងាត់កំពុងសិក្សាពីការគំរាមកំហែងដែលអាចកើតមាន។

យ៉ាងណាមិញ បើទោះជាមានការគំរាមកំហែងដោយរូបភាពពីបណ្ដាប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រក្រុមរដ្ឋឥស្លាម ISIS ក៏ពិតមែន ប៉ុន្តែការប្រកួតទាំងអស់ បានបញ្ចប់ដោយជោគជ័យ និងសុវត្ថិភាព។ ការប្រកួតរវាងក្រុម Arsenal ទល់នឹងក្រុម Bayern Munich នៅកីឡដ្ឋាន Emirates បញ្ចប់ទៅលទ្ធផលស្មើគ្នា ២-២ ស្របពេលការប្រកួតរវាងម្ចាស់ផ្ទះ Real Madrid ទល់នឹងក្រុមភ្ញៀវ Manchester City នៅកីឡដ្ឋាន Santiago Bernabeu បញ្ចប់ទៅលទ្ធផលស្មើគ្នា ៣-៣។

ដោយឡែក ជំនួបរវាងម្ចាស់ផ្ទះ PSG ឈ្នះក្រុមភ្ញៀវ Barcelona ៣-២ នៅកីឡដ្ឋាន Parc des Princes និងជំនួបរវាងម្ចាស់ផ្ទះ Atletico Madrid ឈ្នះក្រុមភ្ញៀវ Borussia Dortmund ២-១ នៅកីឡដ្ឋាន Metropolitano ក៏បានធ្វើឡើងជាមួយនឹងការការពារដ៏តឹងរ៉ឹងជាទីបំផុតផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង