លោក Jurgen Klopp អ្នកចាត់ការក្រុម Liverpool ដែលនឹងចាកចេញពីតំណែងនាចុងរដូវកាលនេះ បានឱ្យដឹងថា គាត់សង្ឃឹមថាគ្មានអ្វីកើតឡើងរវាងក្លិបនិងអ្នកគាំទ្រឡើយ ក្រោយការតវ៉ាពីអ្នកគាំទ្រអំពីដំឡើងថ្លៃសំបុត្ររបស់ក្លិប។
ក្រុមអ្នកគាំទ្រនិយាយថា ពួកគេនឹងមិនលើកទង់ សម្រាប់ជើងទីមួយ វគ្គ៨ក្រុមចុងក្រោយ ការប្រកួតក្របខណ្ឌ Europa League រវាង Liverpool ទល់នឹង Atalanta នៅកីឡដ្ឋាន Anfield នាយប់នេះ។ វាជាការតវ៉ាដែលក្លិបដំឡើងថ្លៃសំបុត្រ ២ភាគរយ សម្រាប់រដូវកាលក្រោយ។
លោក Klopp បានឱ្យដឹងដូច្នេះថា៖ “ដរាបណាមានមនុស្សនៅទីនោះ វាល្អ។
ខ្ញុំយល់ពីកង្វល់ និងការវែកញែកដែលលើកឡើងផ្សេងៗ។ យើងចង់មានអ្នកមើលនៅក្នុងកីឡដ្ឋាន ហើយយើងចង់ឱ្យវាសម្រាប់ពួកយើងទាំងអស់គ្នា។
វានឹងកាន់តែអាក្រក់ ប្រសិនបើមានតែទង់ឈរ ហើយគ្មានអ្នកគាំទ្រ។ ពួកគេច្បាស់ជារកដំណោះស្រាយ។”
ថ្មីៗនេះ ក្រុមអ្នកគាំទ្រ Tottenham Hotspur មានការខកចិត្តយ៉ាងខ្លាំង ដែលតម្លៃសំបុត្រមើលពេញរដូវកាលរបស់ក្លិប នឹងត្រូវដំឡើង ៦ភាគរយ សម្រាប់រដូវកាល ២០២៤-២៥។
បន្ទាប់ពីការប្រកាសពីការដំឡើងថ្លៃសំបុត្ររបស់ Liverpool ក្រុមអ្នកគាំទ្ររបស់ក្លិប មានឈ្មោះថា Spirit of Shankly, Spion Kop 1906 និង Kop Outs បានចេញសេចក្តីថ្លែងការណ៍រួម ដោយនិយាយថា ក្លិបមិនបានពិគ្រោះយោបល់ជាមួយពួកគេអំពីបញ្ហានេះទេ៕