គ្រូបង្វឹកក្លិប Sporting Lisbon លោក Ruben Amorim បានបដិសេធ ចំពោះការចុះផ្សាយថា គាត់បានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីជំនួសតំណែងរបស់លោក Jurgen Klopp នៅក្រុម Liverpool ។
របាយការណ៍ពី Sky Germany បានអះអាងថា គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ បានយល់ព្រម ដើម្បីផ្ទេរទៅកាន់កីឡដ្ឋាន Anfield នៅរដូវក្តៅនេះ។
Amorim វ័យ ៣៩ ឆ្នាំមិនចង់ឱ្យមានពាក្យចចាមអារ៉ាមជាការរំខានក្នុងអំឡុងពេលដែលក្រុមរបស់គាត់កំពុងប្រជែងតំណែងជើងឯកលីគព័រទុយហ្គាល់ឡើយ។
លោក Amorim បានឱ្យដឹងថា៖ “មិនមានការសម្ភាសជាមួយក្លិបណាមួយទេ គ្មានកិច្ចព្រមព្រៀងជាមួយក្លិបណាមួយឡើយ។ នេះជាលើកចុងក្រោយដែលខ្ញុំនឹងនិយាយអំពីអនាគតរបស់ខ្ញុំ។
គាត់បានបន្ថែមថា៖ “រឿងតែមួយគត់ដែលយើងទាំងអស់គ្នាចង់បាន គឺការក្លាយជាជើងឯកជាមួយ Sporting ។ គ្មានអ្វីផ្លាស់ប្តូរទេ”។
Sporting កំពុងឈរនៅលើកំពូលតារាងក្របខណ្ឌ Primeira Liga ហើយមានប្រៀប ៤ ពិន្ទុលើគូប្រជែង Benfica ជាមួយនឹងការប្រកួតចំនួន ៧ ដែលនៅសល់។
លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ Liverpool បច្ចុប្បន្ន បានប្រកាសកាលពីខែមករាថា គាត់នឹងលាលែងពីតំណែងជាអ្នកចាត់ការ ក្រោយបានចូលរួមជាមួយក្រុមហង្សក្រហមក្នុងខែតុលា ឆ្នាំ២០១៥។
លោក Xabi Alonso អតីតខ្សែបម្រើ Liverpool ដែលត្រូវបានផ្សាភ្ជាប់ជាមួយការដឹកនាំជំនួសលោក Klopp បានប្រកាសកាលពីខែមីនា ថា គាត់ចង់បន្តដឹកនាំក្រុម Bayer Leverkusen នៅរដូវកាលក្រោយ។
Liverpool កំពុងមានពិន្ទុស្មើជាមួយក្រុម Arsenal ដែលកំពុងឈរនៅកំពូលតារាងនៃក្របខណ្ឌ Premier League ដោយនៅសល់ ៧ ប្រកួតមុនរដូវកាល២០២៣-២៤ ត្រូវបញ្ចប់។ ក្រុមហង្សក្រហម នឹងទទួលក្រុមភ្ញៀវ Crystal Palace ក្នុងការប្រកួតលីគ នាថ្ងៃអាទិត្យខាងមុខនេះ៕