មានសេចក្ដីរាយការណ៍ថា ក្រុម Everton នឹងមិនតម្រូវឱ្យចំណាយប្រាក់ ១០ លានផោនសម្រាប់ក្រុម Tottenham Hotspur ចំពោះការផ្ទេរ Dele Alli ឡើយ ខណៈដែលខ្សែបម្រើរូបនេះ មិនអាចបង្ហាញខ្លួនឱ្យបានគ្រប់គ្រាន់ដូចក្នុងលក្ខខណ្ឌនៅក្នុងកិច្ចសន្យា។
Dele Alli បានផ្លាស់ទៅកីឡដ្ឋាន Goodison Park ដោយមិនមានតម្លៃផ្ទេរ កាលពីខែមករា ឆ្នាំ២០២២ ប៉ុន្តែជាផ្នែកមួយនៃកិច្ចព្រមព្រៀង វាត្រូវបានយល់ព្រមថា Everton នឹងត្រូវចំណាយប្រាក់ ១០ លានផោនដល់ Spurs ប្រសិនបើខ្សែបម្រើប្រយុទ្ធរូបនេះ បានបង្ហាញខ្លួន ២០ លើកសម្រាប់ក្លិប អំឡុងពេល ២ឆ្នាំកន្លះក្នុងកុងត្រា។
កិច្ចព្រមព្រៀងនេះ នឹងផុតសុពលភាពនៅក្នុងខែមិថុនាខាងមុខនេះ ខណៈ Dele នៅរ៉ាំរ៉ៃជាជាមួយបញ្ហារបួស ដែលកំពុងជាសះស្បើយ។ ដូច្នេះ រូបគេនឹងមិនអាចបង្ហាញខ្លួនចំនួន ២០ លើកនៅចុងបញ្ចប់នៃរដូវកាលនេះទេ។
ក្រុម Everton នៅសល់តែ ៦ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ ហើយ Alli វ័យ ២៧ ឆ្នាំ បានបង្ហាញខ្លួន ១៣លើក។ យ៉ាងណាក៏ដោយ សេចក្ដីរាយការណ៍ដោយ The Athletic បានឱ្យដឹងថា Spurs នឹងទទួលបានប្រាក់មួយចំនួនពី Everton ប្រសិនបើ Dele ចុះហត្ថលេខាលើកិច្ចសន្យាថ្មី៕