តុលាការអ៊ីតាលីបង្គាប់ក្រុម Juventus ឱ្យសងប្រាក់ឈ្នួល ៨,៣ លានផោនដល់ Cristiano Ronaldo ដែលក្រុមអ៊ីតាលីបានជំពាក់អតីតខ្សែប្រយុទ្ធរបស់ខ្លួន មុនការផ្ទេរទៅកាន់ក្រុម Manchester United ។
Ronaldo វ័យ ៣៩ ឆ្នាំ បានយល់ព្រមឱ្យក្រុមសេះបង្កង់ពន្យារពេលបើកប្រាក់ឈ្នួល នៅពេលបាល់ទាត់នៅក្នុងប្រទេសអ៊ីតាលីត្រូវបានផ្អាកដោយសារជំងឺរាតត្បាតកូវីដ១៩ ក្នុងរដូវកាល ២០២០-២១។
កីឡាករសញ្ជាតិព័រទុយហ្គាល់ បានអះអាងថា អតីតក្លិបរបស់គាត់បានជំពាក់ជាង ១៧ លានផោន។ តុលាការបាននិយាយថា ក្លិបត្រូវសងនូវទំហំទឹកប្រាក់បន្ទាប់ពីការបង់ពន្ធ និងការកាត់កងផ្សេងៗទៀត។
Ronaldo បានចំណាយពេល ៣ រដូវកាលនៅប្រទេសអ៊ីតាលីជាមួយ Juventus ចន្លោះឆ្នាំ ២០១៨ ដល់ឆ្នាំ២០២១ ដោយបានជួយឱ្យពួកគេឈ្នះពានរង្វាន់ Serie A ចំនួនពីរលើក។ គាត់បានចាកចេញពីអ៊ីតាលី ដើម្បីត្រឡប់ទៅអតីតក្លិបចាស់របស់គាត់ពោលគឺ Manchester United ហើយបន្ទាប់ពីស្នាក់នៅបាន ១៦ ខែនៅកីឡដ្ឋាន Old Trafford គាត់ក៏បានចូលរួមជាមួយក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr ។
ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាល ត្រូវបានទស្សនាវដ្តីពាណិជ្ជកម្មអាមេរិក Forbes ចាត់ចំណាត់ថ្នាក់ជាអត្តពលិកដែលមានចំណូលខ្ពស់បំផុតនៅលើពិភពលោក ក្នុងឆ្នាំ២០២៣ ដោយរកបាន ១០៩ លានផោន៕