អ្នកចាត់ការ Jurgen Klopp បាននិយាយថា ការធ្លាក់ចេញពីការប្រកួត Europa League អាចជួយក្រុម Liverpool ឱ្យផ្តោតលើការប្រជែងដណ្តើមពាន Premier League ។
Liverpool បានរងបរាជ័យក្រោមថ្វីដៃរបស់ Atalanta ដោយលទ្ធផល ៣-០ នៅជើងទី១ វគ្គ៨ក្រុមចុងក្រោយ នៅកីឡដ្ឋាន Anfield ។ នៅជើងទី២ ការស៊ុតបាល់ប៉េណាល់ទីរបស់ Mohamed Salah កាលពីយប់មិញ បានជួយឱ្យ Liverpool ទទួលជ័យជម្នះ ១-០ ក្នុងប្រទេសអ៊ីតាលី ប៉ុន្តែលទ្ធផលនេះមិនគ្រប់គ្រាន់ដើម្បីឱ្យក្រុមរបស់លោក Jurgen Klopp ឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទេ។
លោក Klopp បានឱ្យដឹងថា៖ “ខកចិត្តដែលពួកយើងមិនបានឆ្លងទៅវគ្គបន្ទាប់ ប៉ុន្តែមិនមានការខកចិត្ត ឬខឹងនោះទេ។ ឥឡូវនេះ ពួកយើងអាចផ្តោតលើលីគ ហើយនោះជាអ្វីដែលយើងនឹងធ្វើ។
យើងមានពេលពីរបីថ្ងៃដើម្បីសម្រាក ហើយបន្ទាប់មកយើងនឹងលេងជាមួយ Fulham ដែលមិនងាយស្រួល ប៉ុន្តែពួកយើងនឹងប្រឹងឱ្យអស់ពីលទ្ធភាព។ នោះគឺជាការប្រកួតប្រជែងរបស់ពួកយើងឥឡូវនេះ”។
ក្រុម Liverpool ឈរនៅចំណាត់ថ្នាក់លេខ៣ ស្មើជាមួយ Arsenal ដែលស្ថិតនៅលេខ២ មាន ៧១ ពិន្ទុ។ រីឯក្រុមឈរនៅកំពូលតារាង Manchester City មាន ៧៣ ពិន្ទុ៕