×

គ្រូ Man UTD ថា ក្រុមខ្លួនសម្រេចជោគជ័យធំមួយក្រោយឡើងដល់វគ្គផ្តាច់ព្រ័ត្រ FA Cup ២ឆ្នាំជាប់គ្នា

គ្រូបង្វឹក Manchester United លោក Erik ten Hag បាននិយាយថា ក្រុមខ្លួនសម្រេចជោគជ័យធំមួយក្រោយឡើងដល់វគ្គផ្តាច់ព្រ័ត្រ FA Cup ២ឆ្នាំជាប់គ្នា។

ជាការពិត ការឡើងមកនេះ បន្ទាប់ពី Man UTD បានយកឈ្នះ Coventry City ទាំងប្រផុតប្រផើយ ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៤-២ នៅវគ្គ៤ក្រុមចុងក្រោយ។

ក្នុងជំនួប នៅកីឡដ្ឋាន Wembley កាលពីយប់មិញ Scott McTominay និង Harry Maguire សម្រេចបាន១គ្រាប់ម្នាក់ ដើម្បីជួយ Man UTD នាំមុខ Coventry ២-០ នៅវគ្គទី១។ ចូលដល់វគ្គទី២ Man UTD ដែលគ្រប់គ្រងបាល់ និងវាយសម្រុកជាច្រើនលើក បានបន្ថែមគ្រាប់ទី៣របស់ខ្លួន តាមរយៈប្រធានក្រុម Bruno Fernandes នៅនាទី៥៨។ រឿងដែលមិនគួរឱ្យជឿ Coventry គឺក្រុមពីលីគ Championship អាចរកបាន៣គ្រាប់វាយបកតាមស្មើ វិញ ដែលធ្វើបានដោយ Ellis Simms នាទី៧១, Callum O’Hare នាទី៩៧ និងHaji Wright នាទី៩០+៥។

នៅម៉ោងបន្ថែម១៥នាទី២ដង នាទី១២០+១ កីឡាករ Victor Torp បិះនឹងសម្រេចគ្រាប់ជ័យជម្នះឱ្យក្រុមលោក Mark Robins តែត្រូវបានអាជ្ញាកណ្តាលបដិសេធ ក្រោយពិនិត្យ VAR ថាបាល់ Offside ។

ក្រុមទាំងពីរបានឈានដល់វគ្គកាត់ក្តីដោយបាល់១១ម៉ែត្រ ដោយក្នុងនោះក្រុមលោក Erik ten Hag បានយកឈ្នះដោយលទ្ធផល ៤-២ ។ នេះជាលើកទី២ជាប់គ្នាហើយ ដែល Man UTD ឡើងដល់វគ្គផ្តាច់ព្រ័ត្រ FA Cup ដែលលោក Erik ten Hag យល់ថា វាជាជោគជ័យធំមួយ។

គ្រូបង្វឹកលោក Erik ten Hag បាននិយាយក្រោយចប់ការប្រកួតថា៖ “ វាជាអារម្មណ៍ចម្រុះគ្នាមួយ ប៉ុន្តែច្បាស់ណាស់ នេះជាសមិទ្ធផលដ៏ធំធេងក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រ FA Cup ពីរដងក្នុងរយៈពេលពីរឆ្នាំជាប់គ្នា។ ២០ ឆ្នាំចុងក្រោយ Man UTD ឈ្នះ ៥ ដងក្នុងវគ្គផ្តាច់ព្រ័ត្រ ឥឡូវ យើងឡើងវគ្គផ្តាច់ព្រ័ត្រ ២ដងក្នុងរយៈពេល ២ ឆ្នាំ ដូច្នេះវាជាសមិទ្ធផលដ៏ធំមួយ។ ដូច្នេះយើងគួរតែបញ្ចប់ការប្រកួតនាពេលខាងមុខ ដោយការព្យាយាមធ្វើឱ្យល្អបំផុត។”

សូមបញ្ជាក់ថា Man UTD ត្រូវឡើងទៅជួបក្រុមការពារតំណែងជើងឯក Man City ម្តងទៀត នៅវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៥ ខែឧសភាព ឆ្នាំ២០២៤។ Man City បានឡើងមកក្រោយទម្លាក់ Chelsea នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផល ១-០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង