ក្រុម Chelsea បានឱ្យដឹងថា ពួកគេស្អប់ខ្ពើមចំពោះការរើសអើងពូជសាសន៍ដែលសំដៅទៅលើ Nicolas Jackson តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីការបរាជ័យក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup របស់ពួកគេទល់នឹងក្រុម Manchester City កាលពីថ្ងៃសៅរ៍។
ក្រុមរបស់លោក Mauricio Pochettino បានចាញ់ក្រុម Man City ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Wembley ក្នុងការប្រកួតដែល Jackson បានខកខានឱកាសល្អចំនួនបីដង។
សេចក្តីថ្លែងការណ៍របស់ Chelsea បាននិយាយថា៖ “មិនត្រូវមានការរើសអើងណាមួយឡើយនៅក្នុងសង្គម ហើយយើងមិនអត់ឱនជាដាច់ខាតចំពោះឧប្បត្តិហេតុទាំងឡាយណាដែលទាក់ទងនឹងការរើសអើង” ។
“ក្លិបនឹងគាំទ្រការកាត់ទោសឧក្រិដ្ឋកម្មណាមួយ ហើយចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដែលអាចធ្វើទៅបាន រួមទាំងការហាមប្រាម ប្រឆាំងនឹងបុគ្គលណាដែលត្រូវបានរកឃើញថាជាអ្នកកាន់សំបុត្ររដូវកាល ឬសមាជិក”។
ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ Jackson អាយុ ២២ ឆ្នាំបានចូលរួមជាមួយ Chelsea ពីក្លិបអេស្ប៉ាញ Villarreal កាលពីរដូវក្តៅមុន។ រូបគេរកបាន ១៣ គ្រាប់នៅរដូវកាលនេះ ក្នុងនោះ ១០គ្រាប់រកបាននៅក្របខណ្ឌ Premier League ៕