អតីតអ្នកចាត់ការក្រុម Manchester United លោក Jose Mourinho បាននិយាយថា គាត់មិនមានការគាំទ្រពីថ្នាក់លើរបស់ក្រុមបិសាចក្រហមដូចអ្វីដែលលោក Erik ten Hag ទទួលបានបច្ចុប្បន្ននោះទេ ក្នុងអំឡុងពេលលោកដឹកនាំ ២ ឆ្នាំកន្លះនៅកីឡដ្ឋាន Old Trafford។
បុរសសញ្ជាតិព័រទុយហ្គាល់ ដែលដឹកនាំក្រុម AS Roma ចុងក្រោយគេនៅក្របខណ្ឌ Serie A មុនពេលត្រូវបានបណ្តេញចេញកាលពីខែមករា ត្រូវបានបញ្ចប់កុងត្រាដោយ Man Utdក្នុងខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានលទ្ធផលដ៏គួរឱ្យសោកស្ដាយជាច្រើន ទោះគាត់បានជួយឱ្យពួកគេឈ្នះពានរង្វាន់ League Cup និង Europa League ក្នុងរដូវកាល២០១៦-១៧ ក៏ដោយ។
លោក Mourinho ដែលធ្លាប់ដឹកនាំក្លិប Porto, Chelsea, Inter Milan, Real Madrid និង Tottenham Hotspur បានបន្ថែមថា នៅមានកីឡាករមួយចំនួននៅ United ដែលគាត់មិនចង់បាននៅពេលគាត់នៅទីនោះ។
Mourinho បានប្រាប់ The Telegraph ថា៖ “អ្វីដែល Ten Hag នៅ Manchester United ពេលនោះ ខ្ញុំមិនទទួលបានទេ។ ខ្ញុំមិនមានការគាំទ្រដូចគ្នាឡើយ។ ខ្ញុំមិនទទួលបានការជឿទុកចិត្តផងដែរ។
ដូច្នេះ ខ្ញុំបានចាកចេញដោយសោកសៅព្រោះខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងចាប់ផ្តើមដំណើរការហើយ។
នៅពេលខ្លះ ខ្ញុំមានអារម្មណ៍ថា ប្រសិនបើពួកគេជឿទុកចិត្តខ្ញុំ ហើយជឿលើបទពិសោធរបស់ខ្ញុំ អ្វីៗអាចខុសប្លែកពីគេ។
“នៅមានកីឡាករពីរបីនាក់ទៀតដែលខ្ញុំមិនចង់បានកាលពី ៥ ឬ ៦ ឆ្នាំមុន។ ខ្ញុំគិតថាពួកគេតំណាងឱ្យអ្វីដែលខ្ញុំចាត់ទុកថា មិនមែនជាអ្នកអាជីពដ៏ល្អបំផុតចំពោះដោយសារកត្តាជាក់លាក់មួយ។
ប៉ុន្តែខ្ញុំបានធ្វើការងាររបស់ខ្ញុំហើយនៅទីនោះ។ ពេលវេលានឹងបង្ហាញការពិត។ ខ្ញុំចង់ឱ្យ Manchester United ទទួលបានជោគជ័យ”៕