
លោក Arne Slot របស់ក្រុម Feyenoord គឺជាបេក្ខភាពឈានមុខគេក្នុងការបន្តតំណែងជាអ្នកចាត់ការទូទៅរបស់ក្រុម Liverpool ពីលោក Jurgen Klopp ។
Klopp បានប្រកាសកាលពីខែមករាថា គាត់នឹងចាកចេញពីកីឡដ្ឋាន Anfield នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយក្រុមហង្សក្រហម បាននិងកំពុងធ្វើការស្វែងរកបេក្ខជនមួយចំនួន។
លោក Slot វ័យ ៤៥ ឆ្នាំដែលបានដឹកនាំ Feyenoord ឱ្យឈ្នះពានរង្វាន់ Eredivisie រដូវកាល២០២២-២៣ ជាបេក្ខភាពដែលសក្តិសមនឹងលក្ខណៈវិនិច្ឆ័យរបស់ Liverpool ។
Feyenoord បានឈ្នះពាន Dutch Cup នៅរដូវកាលនេះ និងជាក្រុមទីពីរនៅ Eredivisie ។ការសម្រេចចិត្តតែងតាំង Slot មិនត្រូវបានធ្វើឡើងទេ ប៉ុន្តែគាត់បានក្លាយជាបេក្ខភាពខ្លាំងម្នាក់ដើម្បីស្នងតំណែង Klopp ។
គាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹង Leeds United បន្ទាប់ពីពួកគេបានបណ្តេញអ្នកចាត់ការ Jesse Marsch ចេញពីតំណែង ខណៈ Slot ក៏បានច្រានចោលសម្រាប់ការងារ Tottenham Hotspur កាលពីរដូវក្តៅមុន មុនពេលលោក Ange Postecoglou ចូលកាន់តំណែង។ បន្ទាប់មក Slot បានបន្តកុងត្រារបស់គាត់ជាមួយ Feyenoord រហូតដល់ឆ្នាំ២០២៦។
Slot បានក្លាយជាគ្រូបង្វឹករបស់ Feyenoord នៅខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីចាកចេញពីក្រុម AZ Alkmaar ជាកន្លែងដែលគាត់ទទួលបានភាពជោគជ័យក្នុងតំណែងជាអ្នកគ្រប់គ្រងដំបូងរបស់គាត់។
អតីតខ្សែបម្រើរូបនេះ បានចំណាយពេលអាជីពរបស់គាត់នៅក្នុងប្រទេសហូឡង់ ដោយបានបង្ហាញខ្លួនច្រើនជាង ១០០ដងសម្រាប់ក្រុម FC Zwolle និង NAC Breda ។
លោក Xabi Alonso ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការងារនៅ Anfield ប៉ុន្តែអតីតខ្សែបម្រើរបស់ហង្សក្រហម បានប្រកាសកាលពីខែមីនាថាគាត់នឹងបន្តនៅ Bayer Leverkusen ដែលបានក្លាយជាជើងឯកអាល្លឺម៉ង់នៅរដូវកាលនេះ។ គ្រូបង្វឹកក្លិប Sporting Lisbon លោក Ruben Amorim គឺជាបេក្ខជនមួយផ្សេងទៀត៕