សារព័ត៌មាន BBC នៅអង់គ្លេសបានធ្វើការរាយការណ៍ថា គ្រូបង្វឹក លោក Unai Emery បានបន្តកុងត្រាថ្មីដឹកនាំក្លិប Aston Villa បន្ថែម១រដូវកាលទៀត។
បុរសជនជាតិអេស្ប៉ាញ វ័យ៥២ឆ្នាំ បានដឹកនាំក្លិប Aston Villa តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២មក។ កុងត្រាចាស់របស់លោក Emery នឹងបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ ប៉ុន្តែក្រោយបន្តកុងត្រាថ្មី លោកនឹងបន្តដឹកនាំ Aston Villa ដល់ឆ្នាំ២០២៧។
ចាប់តាំងពីការកាន់តំណែងនៅទឹកដី Villa Park រហូតមកទល់នឹងពេលនេះ លោក Unai Emery ត្រូវបានគេដឹងថាមានការខិតខំប្រឹងប្រែងក្នុងការងាររបស់ខ្លួនរហូតមក។
ជាក់ស្តែង លោក Unai Emery បានជួយ Aston Villa រក្សាកៅអីនៅក្របខណ្ឌ Premier League បានសម្រេច ពេលដែលពួកគេកំពុងមានការលំបាកយ៉ាងខ្លាំង អំឡុងការដឹកនាំរបស់លោក Steven Gerrard នៅរដូវកាល ២០២២-២៣។
លោក Unai Emery បានជួយក្លិបឡើងពីចំណាត់ថ្នាក់លេខ ១៦ និងបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ៧ ហើយទទួលបានកៅអីលេងពានរង្វាន់ Europa Conference League ដែលជាការលេងពានរង្វាន់កំពូលអឺរ៉ុបជាលើកដំបូងរបស់ក្លិប ចាប់តាំងពីរដូវកាល ២០១០-១១។
សម្រាប់រដូវកាលនេះវិញ ក្លិប Aston Villa ក៏នៅតែមានការវិវឌ្ឍខ្លួនយ៉ាងគួរឱ្យកត់សម្គាល់ផងដែរ ដោយពួកគេកំពុងឈរចំណាត់ថ្នាក់លេខ៤ នៅតារាងពិន្ទុក្របខណ្ឌ Premier League ដោយមាន ៦៦ពិន្ទុ ក្រោយឆ្លងកាត់ ៣៤ប្រកួត។
ក្រោមការដឹកនាំរបស់ លោក Unai Emery ក្លិប Aston Villa ក៏កំពុងរក្សាក្តីសង្ឃឹមឈ្នះពានរង្វាន់អឺរ៉ុបជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៨២ ខណៈពេលពួកគេកំពុងត្រៀមខ្លួនប៉ះ ក្លិបក្រិច Olympiakos នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ Europa Conference League ដែលធ្វើឡើងនាខែឧសភាខាងមុខ៕